ព័ត៌មានអន្តរជាតិ

ជើងហោះហើរទាំងអស់ចេញចូលទីក្រុងហាណូយប្រទេសវៀតណាម ត្រូវពន្យារពេលឬបង្វែរគោលដៅ ព្រោះតែការចុះអ័ព្ទខ្លាំងបង្កឡើង​ដោយបញ្ហាបំពុលខ្យល់

BY
Khmerpress
February 2, 2024
ជើងហោះហើរទាំងអស់ចេញចូលទីក្រុងហាណូយប្រទេសវៀតណាម ត្រូវពន្យារពេលឬបង្វែរគោលដៅ ព្រោះតែការចុះអ័ព្ទខ្លាំងបង្កឡើង​ដោយបញ្ហាបំពុលខ្យល់

(ហាណូយ)៖ នាថ្ងៃសុក្រនេះ ជើងហោះហើរទាំងអស់ចេញនិងចូល អាកាសយានដ្ឋានអន្តរជាតិនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាម គឺត្រូវបានពន្យារពេល ឬមួយក៏បង្វែរគោលដៅទៅកាន់ទីក្រុងដទៃទៀត ដោយសារតែមានការធ្លាក់ចុះអ័ព្ទខ្លាំង ចំពោះមុខបញ្ហាបំពុលខ្យល់ ដែលកាន់តែធ្ងន់ធ្ងរទៅៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤។

កម្មវិធីតាមដានសន្ទស្សន៍គុណភាពខ្យល់អន្តរជាតិ IQAir Air Visual បានបង្ហាញថា បរិមាណភាគល្អិតគ្រោះថ្នាក់ ហៅថា PM2.5 នៅក្នុងខ្យល់អាកាសនៃទីក្រុងហាណូយ ស្ថិតនៅកម្រិតខ្ពស់ខ្លាំងនាថ្ងៃសុក្រនេះ គឺ២៥៧មីក្រូក្រាមក្នុងមួយម៉ែត្រគូប។ មន្រ្តីអាកាសយានដ្ឋាន Noi Bai International Airport បាននិយាយដូច្នេះថា «ជើងហោះហើរទាំងអស់ ដែលគ្រោងឆ្ពោះមកកាន់ព្រលានយន្តហោះនេះ បាននិងកំពុងត្រូវ​បង្វែរគោលដៅទៅកាន់ទីក្រុងផ្សេង ហើយមិនទាន់មានជើងហោះហើរណា អាចហោះចាកចេញពីព្រលានយន្តហោះបាននៅឡើយទេ នាពេលនេះ»

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ដែលផ្អែកលើប្រភពពីអាជ្ញាធរព្រលានយន្តហោះខាងលើ ជើងហោះហើរប្រហែលកជិត១០០ជើង ដែលត្រូវឆ្ពោះមកនិងចាកចេញពីអាកាសយានដ្ឋាន Noi Bai គឺបានរងការប៉ះពាល់។ ចំណែកឯអាកាសចរណ៍វៀតណាម VietJet បានឱ្យដឹងថា ជើងហោះហើរមួយចំនួនរបស់ខ្លួន ដែលគ្រោងចុះចតនៅទីក្រុងហាណូយ ត្រូវបានបង្វែរគោលដៅទៅកាន់ទីក្រុង Haiphong វិញ។

គួរបញ្ជាក់ថា កម្រិតនៃការបំពុលខ្យល់នៅក្នុងទីក្រុងហាណូយ គឺជាប្រចាំបានស្ថិតក្នុងចំណោមបណ្តាទីក្រុងនៅលើពិភពលោក ដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត។ កាលពីខែមករាកន្លងទៅនេះ អាជ្ញាធរសុខាភិបាលនៅហាណូយ ទើបតែបានចេញសេចក្តីណែនាំឱ្យប្រជាជនគួរ​នាំគ្នាពាក់ម៉ាស និងកុំសូវធ្វើសកម្មភាពនៅក្រៅផ្ទះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: