ព័ត៌មានអន្តរជាតិ

Foxconn រំពឹងថាឆ្នាំ២០២៤ នឹងធ្វើឲ្យសេដ្ឋកិច្ចក្រុមហ៊ុនប្រសើរឡើង ប៉ុន្តែព្រមានពីកង្វះខាតបន្ទះឈីប AI

BY
Khmerpress
February 5, 2024
Foxconn រំពឹងថាឆ្នាំ២០២៤ នឹងធ្វើឲ្យសេដ្ឋកិច្ចក្រុមហ៊ុនប្រសើរឡើង ប៉ុន្តែព្រមានពីកង្វះខាតបន្ទះឈីប AI

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យានានា ដូចជា Foxconn ក៏ដូចជា Apple ជាដើមនោះ បានរំពឹងថា សេដ្ឋកិច្ចក្រុមហ៊ុនក្នុងឆ្នាំ២០២៤នេះ នឹងមានភាពប្រសើរឡើងបន្តិច បើប្រៀបធៀបនឹងឆ្នាំមុន ក៏ប៉ុន្តែបានព្រមានពីបញ្ហាកង្វះខាតបន្ទះឈីបសម្រាប់ម៉ាស៉ីនមេ AI ស្របពេលពិភពលោកបច្ចុប្បន្នកំពុងផ្តោតសំខាន់លើបច្ចេកវិទ្យា AI។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រធានក្រុមហ៊ុន Foxconn លោក Liu Young-way បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា «យើងធ្វើបានយ៉ាងល្អកាលពីឆ្នាំមុន ទោះបីជាយើងមានការខាតបង់ច្រើននៅក្នុងត្រីមាសទីមួយក៏ដោយ។ ចំពោះ​ទស្សនវិស័យ​ឆ្នាំ​នេះ ខ្ញុំ​គិត​ថា​វា​អាច​ល្អ​ជាង​ឆ្នាំ​មុន​បន្តិច»។ លោក Liu បានបន្ថែមថា តម្រូវការសម្រាប់ម៉ាស៊ីនមេឆ្លាតវៃសិប្បនិម្មិត (AI) ជាការពិតណាស់នឹងល្អ ប៉ុន្តែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ដោយសារបញ្ហាភូមិសាស្ត្រនយោបាយ នឹងប៉ះពាល់ដល់តម្រូវការផលិតផលអ្នកប្រើប្រាស់។ សមត្ថភាពផលិតបន្ទះឈីបសម្រាប់ម៉ាស៊ីនមេមានកម្រិត ខណៈតម្រូវការកំពុងកើនឡើង។

គួរជម្រាបថា ក្រុមហ៊ុន Foxconn ដែលមានឈ្មោះជាផ្លូវការថា «Hon Hai Precision Industry Co Ltd» នឹងរាយការណ៍ពីប្រាក់ចំណូលត្រីមាសទី៤ នៅខែក្រោយ នៅពេលដែលក្រុមហ៊ុនេះបានបង្ហាញទស្សនវិស័យសម្រាប់ឆ្នាំ២០២៤នេះ។ ភាគហ៊ុនរបស់ Foxconn បានធ្លាក់ចុះ ២.៤% មកទល់ដើមឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: