ព័ត៌មានអន្តរជាតិ

បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

BY
Naren
February 5, 2024
បេក្ខជនប្រធានាធិបតីបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ សន្យាដំឡើងពន្ធលើចិន បើជាប់ឆ្នោតជាថ្មី

(វ៉ាស៊ីនតោន)៖ បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងដំឡើងពន្ធលើចិនសាជាថ្មី ប្រសិនបើជាប់ឆ្នោតនៅក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខ ហើយពន្ធទាំងនោះអាចនឹងត្រូវដំឡើងខ្ពស់ជាង ៦០ភាគរយទៀតផង។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ដោយ នៅពេលត្រូវបានសាកសួរពីសេចក្ដីរាយការណ៍ដែលថាលោកអាចនឹងពិចារណាដាក់ទណ្ឌកម្មដំឡើងពន្ធ៦០ភាគរយលើទំនិញចិន ប្រសិនបើលោកជាប់ឆ្នោត លោក ត្រាំ បានអះអាងថាលោកអាចនឹងដំឡើងពន្ធច្រើនជាងនេះទៅទៀត។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំឡើងពន្ធលើទំនិញនាំចូលពីចិនរាប់រយពាន់លានដុល្លារ ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅក្នុងសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: