ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់រុស្ស៉ី ធ្លាក់ចូលបឹងនៃតំបន់ Karelia បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ បាត់បង់ជីវិត

BY
Naren
February 5, 2024
ឧទ្ធម្ភាគចក្រសង្រ្គោះបន្ទាន់រុស្ស៉ី ធ្លាក់ចូលបឹងនៃតំបន់ Karelia បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ បាត់បង់ជីវិត

(មូស្គូ)៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា ឧទ្ធម្ភាគចក្រ Mi-8 ដែលជាកម្មសិទ្ធិរបស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៉ី បានធ្លាក់ចូលទៅក្នុង បឹងមួយនៃតំបន់ Karelia ស្ថិតនៅភាគខាងជើងប្រទេស បណ្តាលឱ្យក្រុមពីឡុតទាំង៣នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៤។

ក្រសួងសង្រ្គោះបន្ទាន់របស់រុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា ឧទ្ធម្ភាគចក្រនេះធ្វើប្រតិបត្តិការដោយក្រុមពីឡុត មានបទពិសោធចំណាយពេលលើផ្លូវហោះហើររាប់ពាន់ម៉ោង។ បំណែកនៃឧទ្ធម្ភាគចក្រដែលបាត់ពីរ៉ាដា កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ត្រូវបានរកឃើញនៅចម្ងាយ ១១គីឡូម៉ែត្រពីច្រាំងបឹង Onega ដែលជាបឹងធំជាងគេទី ២របស់អឺរ៉ុប ក្នុងជម្រៅ ៥០ម៉ែត្រ។ ក្រុមអ្នកមុជទឹក និងយានមុជក្រោមទឹក ដែលបញ្ជាពីចម្ងាយកំពុងត្រូវបានដាក់ពង្រាយ។ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីរបស់អភិបាលតំបន់ លោក Artur Parfenchikov ដលនិយាយថា ក្រុមពីឡុតបានស្លាប់ទាំងអស់។

គួរបញ្ជាក់ថា តំបន់ Karelia ចែកចេញជា ២ផ្នែកគឺ Karelia របស់ហ្វាំងឡង់ និងសាធារណរដ្ឋ Karelia ភាគពាយ័ព្យនៃប្រទេសរុស្ស៉ី ស្ថិតនៅចន្លោះសមុទ្រស និងសមុទ្របាល់ទិក ជាកន្លែងដែលឧទ្ធម្ភាគចក្រខាងលើនេះ បានធ្លាក់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: