ព័ត៌មានជាតិ

ដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៦៤.១%ហើយ

BY
Naren
February 15, 2024
ដំណើរការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន៦៤.១%ហើយ

(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នឹងគ្រោងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ ខណៈនេះការសាងសង់សម្រេចបានជាង៦០ភាគរយហើយ។

ការ​បញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលចុះទស្សនកិច្ចវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្រេចបាន (ដំណាក់កាលទី១) គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦៤.១% នៃការងារសរុប ដោយចំណាយទឹកប្រាក់សរុបអស់ចំនួន ៩៣២លានដុល្លារ»។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា ចំពោះការកសាងសង់ផ្លូវតភ្ជាប់ពី មហាវិថីសម្តេច កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣.៥ គីឡូម៉ែត្រ សម្រេចបាន៨៥%ហើយ។

លោក ស៉ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំឆ្នាំ២០២៤ (ដំណាក់កាលទី១) (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC/Cambodia Airport Investment Co.,Ltd ) បើគ្មានអ្វីប្រែប្រួលទេនោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ ជាព្រលានយន្តហោះថ្មីនេះ ឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: