ព័ត៌មានជាតិ

ខេត្តកណ្ដាលមានក្រុមហ៊ុនល្បែង៥៦ តែទីតាំងមានចំនួនដល់ទៅ៩២៩, អភិបាលខេត្ត បញ្ជាឲ្យបិទទាំងអស់ចំពោះទីតាំងគ្មានច្បាប់ និងគ្មានឡើយការពង្រីកបន្ថែម

BY
Naren
February 16, 2024
ខេត្តកណ្ដាលមានក្រុមហ៊ុនល្បែង៥៦ តែទីតាំងមានចំនួនដល់ទៅ៩២៩, អភិបាលខេត្ត បញ្ជាឲ្យបិទទាំងអស់ចំពោះទីតាំងគ្មានច្បាប់ និងគ្មានឡើយការពង្រីកបន្ថែម

(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា នៅក្នុងខេត្តកណ្ដាលទាំងមូលមានទីតាំងល្បែងចំនួន៩៩៩ទីតាំង បិទខ្លះ នៅ៩២៩ទីតាំងខណៈក្រុមហ៊ុនមានអាជ្ញាប័ណ្ណមានតែចំនួន៥៦ប៉ុណ្ណោះ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ត្រូវពិនិត្យឲ្យល្អិតល្អន់ ហើយបញ្ជាឲ្យគ្មានឡើយការបន្ថែមទីតាំងថ្មី និងបញ្ជាឲ្យបង្រ្កាបដោយគ្មានត្រាប្រណីចំពោះទីតាំងណាដែលគ្មានច្បាប់អនុញ្ញាត្ត។

លោកបញ្ជាបែបនេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលចូលពីសំណាក់កងកម្លាំងទាំង៣ អភិបាលក្រុង-ស្រុកទាំង១៣ និងគ្រប់ប្រធានមន្ទីរទាំងអស់ និងមន្ត្រីពាក់ព័ន្ធទាំងអស់ផងដែរ។

លោកអភិបាលខេត្តបញ្ជាដាច់ណាត់ឲ្យបង្ក្រាបទីតាំងណាដែលគ្មានការអនុញ្ញាត្តឲ្យអស់ពីទឹកដីខេត្តកណ្ដាល ហើយកុំខ្លាចរអាថាមានខ្នងជានរណា ព្រោះយើងមានសម្ដេចមហាបវេធិបតី ហ៊ុន ម៉ាណែត ជាខ្នងបង្អែករបស់យើងយ៉ាងរឹងមាំបំផុត។

បើតាមលោកអភិបាលខេត្ត ទីតាំងល្បែងគ្មានការអនុញ្ញាតច្បាប់ ត្រូវចុះចាប់ និងបិទបន្ទាន់ ហើយលោកបានណែនាំដល់អភិបាលក្រុង-ស្រុកទាំង១៣ នៅក្នុងខេត្តកណ្ដាល មិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗ បន្តទៀតនោះទេបើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ ពិសេសកុំអាងថាមានអាជ្ញាប័ណ្ណហើយពង្រីកសាខាតាមតែចិត្ត គឺដាច់ខាតមិនឲ្យពង្រីកតាមទំនើងចិត្តឡើយ។ លោកថា រឿងល្បែងនេះមិនត្រូវជាមួយលោកទាល់តែសោះ។

លោកអភិបាលខេត្តបន្តថា ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងល្បែងស៊ីសងនៅក្នុងខេត្ត បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល លោកបានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធដើម្បីវាយតម្លៃ ត្រួតពិនិត្យនិងបានដាក់ចេញ បទបញ្ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការលេងល្បែងតាមអនឡាញ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ បង្កការប្រើអំពើហិង្សានិងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលផងដែរ បញ្ហាចោរកម្ម ប្លន់ លួចជាដើម ដែលនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ។

បើតាមការលើកឡើងរបស់លោក អេង សុវិចិត្ត អភិបាលក្រុងសំពៅពូន ក្នុងកិច្ចប្រជុំថា ក្រុមហ៊ុនល្បែងនៅក្រុងរបស់លោកមានចំនួន៤ ហើយមានអាជ្ញាប័ណ្ណទាំង៤ តែគេពង្រីកសាខារហូតដល់ទៅចំនួន៩៧ទីតាំង ដោយគ្មានជូនដំណឹងឲ្យអាជ្ញាធរដឹងលឺបន្តិចសោះឡើយ។

ឆ្លើយតបនឹងការលើកឡើងនេះ អភិបាលខេត្តបញ្ជាដាច់ណាត់ដល់អាជ្ញាធរទាំង១៣ក្រុង-ស្រុក ចាត់ការឲ្យអស់ទីតាំងណាដែលបើកដោយគ្មានការអនុញ្ញាត។ រីឯបញ្ហាការលើកស្លាកស្រាបៀដូចតាំងពិពរណ៍តាមផ្លូវ ក៍ត្រូវឲ្យពិនិត្យឡើងវិញដែរ ព្រោះវាខូចមុខមាត់ ហើយលុបបំបាត់ចោលផងដែរទីតាំងចិញ្ចឹមមាន់ជល់ ពិនិត្យមើលបញ្ហាឡានតទ្រង់ខុសបច្ចេកទេស និងបញ្ហានានាជាច្រើនផ្សេងទៀត ដែលចាំបាច់អភិបាលក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវតែដាក់ចិត្តធ្វើបានឲ្យដាច់ខាត ធ្វើឲ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ទីតាំងល្បែងផនៅតាមបណ្ដាក្រុង-ស្រុកទាំង១៣នៅខេត្តកណ្ដាលមានចំនួន៥៦ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណ ហើយចំនួនសាខាសរុបដល់ទៅ៩២៩ទីតាំងខ្លះ បានបើកដោយទំនើងចិត្តគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួមមាន៖

*ស្រុកកណ្ដាលស្ទឹងមាន៧ក្រុមហ៊ុន សរុបចំនួន៨៤ទីតាំង, ស្រុកកៀនស្វាយមាន៦ក្រុមហ៊ុន សរុបចំនួន១៣០ទីតាំង, ស្រុកខ្សាច់កណ្ដាលមាន៨ក្រុមហ៊ុន សរុបចំនួន៥៩ទីតាំង, ស្រុកកោះធំមាន៤ក្រុមហ៊ុន សរុបចំនួន៥០ទីតាំង, ស្រុកលើកដែកមាន៣ក្រុមហ៊ុន សរុបចំនួន៤០ ទីតាំង, ស្រុកល្វាឯមមានចំនួន៥ ក្រុមហ៊ុន សរុបចំនួន២៤ទីតាំង, ស្រុកមុខកំពូលមាន៣ក្រុមហ៊ុន សរុបចំនួន៣៣ទីតាំង, ស្រុកអង្គស្នួលមាន៣ក្រុមហ៊ុន សរុបចំនួន១៧០ទីតាំង ខណៈដែល ១៣ទីតាំងមានលិខិតអនុញ្ញាតចំណែកឯ១៥០ទីតាំងមិនមានលិខិតអនុញ្ញាតនោះទេ, ស្រុកពញ្ញាឮមាន៤ក្រុមហ៊ុន សរុបចំនួន៦៨ ទីតាំង, ស្រុកស្អាងមាន២ក្រុមហ៊ុនសរុបចំនួន៨៣ទីតាំង, ក្រុងតាខ្មៅមាន៣ក្រុមហ៊ុន សរុប៤៦ទីតាំង, ក្រុងសំពៅពូនមាន ៤ក្រុមហ៊ុន សរុបចំនួន៩៧, ក្រុងអរិយក្សត្រ មាន៤ក្រុមហ៊ុន សរុបចំនួន ៤៥ទីតាំង។

គួរបញ្ជាក់ថា ក្រោយប្រជុំចប់ភ្លាម លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានកោះហៅអធិការគ្រប់ក្រុង-ស្រុកទាំង១៣ មកដាក់បទបញ្ជាភ្លាមៗតែម្ដងនៅបរិវេណសាលាខេត្ត ឲ្យធ្វើតាមការណែនាំរបស់អភិបាលខេត្តឲ្យបានម៉ឺងម៉ាត់បំផុត និងមិនបាច់យោគយល់ ឬខ្លាចនរណាឡើយ ពោលគឺត្រូវឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផលពោរពេញដោយថាមពល និងការទទួលខុសត្រូវខ្ពស់៕  ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: