ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា នឹងចាប់ផ្តើមជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំឱ្យចូលមប្រើកងទ័ព

BY
Naren
February 16, 2024
មីយ៉ាន់ម៉ា នឹងចាប់ផ្តើមជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំឱ្យចូលមប្រើកងទ័ព

(បាងកក)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងជ្រើសរើសយុវជន និងយុវនារីចំនួន ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ឱ្យចូលបម្រើយោធា ក្រោមច្បាប់ស្តីពីការចូលបម្រើការងារថ្មី ជាមួយនឹងការអំពាវនាវឱ្យចាប់ផ្តើមអនុវត្តវា បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅខែមេសាខាងមុខ។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា កាលពីថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈបាននិយាយថា របបសឹកមីយ៉ាន់ម៉ា បានប្រកាសពីការអនុវត្តកាតព្វកិច្ចយោធាលើ យុវជនជាបុរស និងស្ត្រីទាំងអស់ ខណៈប្រទេសនេះកំពុងជួបការលំបាកកាន់តែខ្លាំងឡើង ក្នុងការវាយប្រយុទ្ធជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច នៅតាមតំបន់ជាច្រើនក្នុងប្រទេស បន្ទាប់ពីរបបនេះបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ក្នុងខែកុម្ភៈ ឆ្នាំ ២០២១។

មិនមានតួលេខគួរឱ្យទុកចិត្ត ចំពោះទំហំកងទ័ពរបស់មីយ៉ាន់ម៉ាទេ។ ប៉ុន្តែ CIA World Factbook បានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ទំហំកងទ័ពមីយ៉ាន់ម៉ាមានចំនួនពីចន្លោះ ១៥០,០០០ ទៅ ៤០០,០០០។

វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា ទាហាន ២១,០០០ នាក់ត្រូវបានបាត់បង់ ដោយសារតែការស្លាប់បាត់បង់ជីវិត ការរត់ចោលជួរ និងការរត់ចោលស្រុកជាដើម ចាប់តាំងពីយោធាឡើងកាន់អំណាច ដោយបន្សល់ទុកនូវកម្លាំង ប្រហែល ១៥០,០០០ នាក់ប៉ុណ្ណោះ។

តាមច្បាប់ថ្មីខាងលើ បុរសទាំងអស់ដែលមានអាយុ ១៨ឆ្នាំ ដល់៣៥ឆ្នាំ និងស្ត្រីមានអាយុពី១៨ ដល់២៧ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ច យោធារយៈពេល២ឆ្នាំ ខណៈអ្នកមានវិជ្ជាជីវៈឯកទេសដូចជាគ្រូពេទ្យមានអាយុ ៤៥ឆ្នាំឡើង ត្រូវបំពេញកាតព្វកិច្ចយោធា៣ឆ្នាំ។ មិនតែប៉ុណ្ណោះ កាតព្វកិច្ច យោធានេះក៏អាចត្រូវបានពន្យាររហូតដល់ ៥ឆ្នាំផងដែរ អំឡុងការដាក់ប្រទេសក្នុងភាពអាសន្ន។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងអំពើហិង្សា និងភាពចលាចល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្ដើមអំណាច កាលពីឆ្នាំ២០២១មក។ តែចាប់តាំងពីខែតុលា ឆ្នាំ២០២៣មកដែរ យោធាមីយ៉ាន់ម៉ាបានបាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន នៅក្នុងការប្រយុទ្ធជាមួយសម្ព័ន្ធភាពប្រដាប់ជនជាតិភាគតិច ចំនួន៣ ដែលបាន និងកំពុងរួមដៃគ្នាប្រឆាំងនឹងរបបសឹក។ នេះគឺជាបញ្ហាប្រឈមដ៏ធំមិនធ្លាប់មានដែលរបបសឹកមីយ៉ាន់កំពុងជួបប្រទះ ចាប់តាំងពី ឡើងកាន់អំណាចដំបូងបំផុតក្នុងឆ្នាំ១៩៦២មក។

ច្បាប់ស្ដីពីកាតព្វកិច្ចយោធាក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានដាក់ឱ្យប្រើក្នុងឆ្នាំ២០១០។ ប៉ុន្តែច្បាប់នេះមិនធ្លាប់ត្រូវបានអនុវត្តឡើយ រហូតមកដល់បច្ចុប្បន្ន ហើយអ្នកដែលគេចវេស ឬមិនអនុវត្តតាម អាចនឹងត្រូវប្រឈមមុខជាប់ពន្ធនាគារ ៥ឆ្នាំ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: