ព័ត៌មានជាតិ

មន្ដ្រីជាន់ខ្ពស់សុខាភិបាល ណែនាំដល់អ្នកផ្តល់សេវាសុខាភិបាលគ្រប់កម្រិត និងជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបទាន់ពេលវេលា ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ

BY
Naren
February 16, 2024
មន្ដ្រីជាន់ខ្ពស់សុខាភិបាល ណែនាំដល់អ្នកផ្តល់សេវាសុខាភិបាលគ្រប់កម្រិត និងជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបទាន់ពេលវេលា ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្នកំណើននៃការមកទទួលសេវា នៅអង្គភាពសុខាភិបាលសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស កាន់តែមានសន្ទុះច្រើនគំហុក ពីមួយថ្ងៃទៅមួយថ្ងៃ ដូចនេះសូមឱ្យការបម្រើសេវាសុខាភិបាលគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ត្រូវតែមានភាពទន់ភ្លន់ ឆ្លើយតបបានទាន់ពេលវេលា និងស្ថានការណ៍តម្រូវ ដោយឈរលើមូលដ្ឋាន តម្កល់ខ្ពស់ និងដោយប្រកាន់ខ្ជាប់ជានិច្ចនូវ «ក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ – Medical Ethics»។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យ ក្នុងទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្ត លើកទី២៦ និងថែទាំវេជ្ជសាស្រ្តលើកទី១៣ ក្រោមប្រធានបទ «ពិនិត្យព្យាបាលគ្រប់ជ្រុងជ្រោយ និងនវានុវត្តន៍» ដែលប្រារព្ធធ្វើឡើងនៅរយៈពេល២ថ្ងៃ ទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

លោកសាស្ដ្រាចារ្យបានបន្ដថា «ការផ្ដល់សេវាសុខាភិបាលប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈវេសាស្ដ្រ ដើម្បីកាន់តែបង្ខិតឱ្យបានជិតស្និទ្នបំផុតរវាងយើងជាអ្នកបម្រើសេវាដោយផ្ទាល់ និងបងប្អូនអ្នកជំងឺយើង សាច់ញាត្តិ មិត្តភក្ដិទាំងឡាយដែលលោកមកទទួលសេវា និងនៅជាមួយយើង។ យ៉ាងនេះគឺជាការបង្ករឱ្យភាពជិតស្និត និងទំនុកចិត្តកាន់តែខ្ពស់ និងយូរអង្វែង។ ទីចុងបំផុតគឺការកើតឡើងដោយឯកឯងនូវភាពកក់ក្តៅ រីករាយ ពេញចិត្តពេញថ្លើមទាំងអស់គ្នាដោយគ្មានទីបញ្ចប់»។

លើសពីនោះលោកសាស្ដ្រាចារ្យ ឱ្យបន្តបង្កើនការផ្តល់អាទិភាពដល់អ្នជំងឺចាស់ជរា បងប្អូនពិការភាព អ្នកជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនគាត់ឱ្យបានទទួលសេវាព្យាបាលថែទាំព្យាបាល ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។

សម្រាប់ថ្នាក់ដឹកនាំតាមមន្ទីរពេទ្យ ត្រូវបង្កើនការបណ្តុះបណ្តាលជំនាញថ្មីៗ ជូនគ្រូពេទ្យ គិលានុបដ្ឋាក-យិកា ដោយធ្វើទាំងក្នុងមន្ទីរពេទ្យខ្លួន ទាំងអន្តរមន្ទីរពេទ្យ ដូចជាការជួបជុំដ៏ធំក្នុងថ្ងៃនេះជាដើម ។ការលើកកម្ពស់ការយល់ដឹងតាមរយៈការបណ្តុះបណ្តាលបន្ត ចំណេះដឹងថ្មីៗនិងបទពិសោធន៍ទាំងក្នុង និងនៅក្រៅប្រទេស តាមរយៈការចងគ្នារវាងអ្នកជំនាញយើង និងមិត្តភក្ដិជំនាញអន្តរជាតិ មានជប៉ុន បារាំង សហរដ្ឋអាមេរិក សិង្ហបុរី ថៃឡង់ និងបណ្ដាប្រទេសផ្សេងទៀត គឺជាកម្លាំងចលករយ៉ាងពិតប្រាក ដបង្ហាញពីភាពរឹងមាំ និងជឿជាក់បានពីប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាមិត្តលើសាកលលោក។

ក្នុងឱកាសនោះលោករដ្ឋលេខាធិការ បានថ្លែងបន្ដថា ទិវាដ៏មានសារៈសំខាន់ក្នុងរយៈពេលពីរថ្ងៃខាងលើនេះ គ្រូពេទ្យ គិលានុបដ្ឋាក-យិកាទាំងអស់នៅទីនេះ នឹងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាក្នុងការពិគ្រោះ ព្យាបាលជំងឺ ការស្រាវជ្រាវ ការរករោគវិនិច្ឆ័យជំងឺឲ្យកាន់ តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ ដែលនេះជាកាតព្វកិច្ចចាំបាច់របស់យើងទាំងអស់គ្នា ជាអ្នកពិនិត្យ ព្យាបាល និងថែទាំជំងឺ ព្រមទាំងពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ក្នុងគោលដៅកាត់បន្ថយអត្រាពិការភាព និងអត្រាមរណៈភាពរបស់អ្នកជំងឺយើង ជាពិសេសផលប៉ះពាល់ពីជំងឺឆ្លងកាចសាហាវ ជំងឺមិឆ្លងរ៉ាំរ៉ៃ រួមទាំងមហារីក លើសឈាម ទឹកនោមផ្អែម បេះដូង ជំងឺតម្រងនោម ជំងឺសួត ជំងឺភ្នែកនិងជំងឺផ្សេងៗទៀត ។

លោកសាស្ដ្រាចារ្យក៏សង្ឃឹមយ៉ាងមុតមាំថា ឆ្លងតាមរយៈការជួបជុំគ្នាគ្នា មន្ដ្រីទាំងអស់នឹងទទួលបាននូវបទពិសោធន៍ល្អៗយកទៅអនុវត្ត ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ដោយស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ៩ចំណុច និងអាទិភាព ៣ចំណុច ដែលបានដាក់ចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានោះ លោកសាស្ដ្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត បានឱ្យដឹងថា មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត តែងតែរៀបចំទិវាវេជ្ជសាស្រ្ត-សល្យសាស្រ្តនេះឡើង ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងចែករំលែកបច្ចេកទេសគ្នាទៅវិញទៅមក ក្នុងគោលបំណងជំរុញឱ្យមានការយកចិត្ដទុកដាក់ ពង្រឹងនិងលើកស្ទួយបច្ចេកទេសជាប្រចាំ ដើម្បីជំរុញនិងលើកកម្ពស់ការបម្រើសេវាព្យាបាល និងថែទាំ ប្រកបដោយគុណភាព សមត្ថភាព និងប្រសិទ្ធភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: