ព័ត៌មានអន្តរជាតិ

Apple កំពុងធ្វើការលើមុខងារ AI ថ្មីដើម្បីប្រកួតប្រជែងជាមួយនឹង Microsoft

BY
Naren
February 16, 2024
Apple កំពុងធ្វើការលើមុខងារ AI ថ្មីដើម្បីប្រកួតប្រជែងជាមួយនឹង Microsoft

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់ដំណើរការឧបករណ៍ (Tool) បញ្ញាសិប្បនិម្មិត្ត (AI) ថ្មីមួយនៅចុងឆ្នាំនេះ ដើម្បីប្រជែងជាមួយនឹង GitHub Copilot របស់ Microsoft ដែលនឹងជួយឱ្យអ្នកបង្កើតកូដកាន់តែងាយស្រួល និងលឿន រហ័សជាងមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

Tool ថ្មីដែល Apple គ្រោងប្រកាសបង្ហាញនោះត្រូវបានគេឱ្យដឹងថា នឹងបង្កើតឡើងជាពិសេសដើម្បីជំនួយទៅដល់កម្មវិធីសរសេរកូដរបស់ Apple ដែលមានឈ្មោះថា Xcode ដោយវាមានសមត្ថភាពបំពេញកូដដែលមានចន្លោះ ហើយវានឹងដំណើរការដោយបញ្ញាសិប្បនិម្មិត្ត AI។ យោងតាមការចុះផ្សាយបានឱ្យដឹងបន្ថែមទៀតថា Tool នេះនឹងស្រដៀងទៅនឹង GitHub Copilot របស់ Microsoft ដែលអាចបំពេញចន្លោះ និងប្លុកកូដដោយផ្អែកលើកួដ ដែល Developer បានបង្កើតឡើង។

តាមការអះអាងបានឱ្យដឹងថា Apple បានធ្វើការលើ Tool ថ្មីនេះចាប់តាំងពីឆ្នាំ២០២៣ មកម្លេះ ហើយត្រៀមដាក់បង្ហាញនៅចុងឆ្នាំនេះ តាមការរំពឹងទុកអាចនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ WWDC ដ៏ធំរបស់ Apple ក្នុងខែមិថុនា ខាងមុខ ហើយនឹងទៅដល់អ្នកប្រើប្រាស់ ឬបញ្ចូលទៅក្នុងកម្មវិធី Xcode នៅចុងឆ្នាំនេះតែម្តង។

គួរជម្រាបដែរថា Apple ក៏កំពុងស្វែងរក នឹងបង្កើតលក្ខណៈពិសេស AI ផ្សេងទៀតនៅក្នុងផលិតផលរបស់ខ្លួនផងដែរ ដូចជាសមត្ថភាពបង្កើតកម្មវិធីចាក់តន្ត្រី Apple Music ដោយស្វ័ប្រវត្តិ, បង្កើតផ្ទាំងស្លាយនៅក្នុងកម្មវិធីធ្វើបទបង្ហាញអាជីវកម្មរបស់ខ្លួន រួមជាមួយនឹងមុខងារ Siri និង Keynote ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: