ព័ត៌មានជាតិ

ចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងអាក្រក់ពីកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល

BY
Naren
February 16, 2024
ចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងអាក្រក់ពីកម្ពុជា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល

(ភ្នំពេញ)៖ ជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌិតរឿងអាក្រក់ពីកម្ពុជា ត្រូវបានសាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារម្នាក់ៗពីរឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗ៤លានរៀល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែ​កុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងករណីញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តដោយឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន(តៃវ៉ាន់)។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យភស្តុតាង តំណាងអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានសម្រេចចោទប្រកាន់ និងបញ្ជូនឈ្មោះ CHEN NENG CHUAN ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ LU TSU HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ទៅសាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បីជំនុំជម្រះ តាមនីតិវិធីនៃការបង្ហាញខ្លួនភ្លាមពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ​ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិ ឱ្យផ្តន្ទាទោសតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សាលាដំបូងខេត្តព្រះសីហនុ បានបើកសវនាការជាសាធារណៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បី​ជំនុំជម្រះលើសំណុំរឿងខាងលើ ទៅតាមនីតិវិធីច្បាប់ ហើយបានប្រកាសសាលក្រមលេខ ៩៩/១៤ “ឋ- ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយសម្រេចផ្តន្ទាទោសឈ្មោះ CHEN NENG CRDÄN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងឈ្មោះ Lu នបុំ HSIEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់​ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ៤លានរៀល ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះ​សីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្ដន្ទា​ទោស​តាមមាត ៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

សូមបញ្ជាក់ថា បុគ្គលទាំងពីរនាក់ខាងលើនេះ បានចូលមកប្រទេសកម្ពុជា ក្នុងគោលបំណងផលិត​វីដេអូ​បំភ្លើសការពិត អំពីសកម្មភាពពាក់ព័ន្ធ នឹងការជួញដូរមនុស្ស ការបង្ខាំងធ្វើទារុណកម្ម អំពើចាប់រំលោភ និងការលក់សរីរាង្គមនុស្ស។ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅអគារមួយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បុគ្គលទាំងពីររូបខាងលើ បានថតសំដែង ផ្សាយផ្ទាល់ចេញពីគណនី Facebook ឈ្មោះ WA AN XIAO JI ដែលមានសកម្មភាព ត្រូវបានសន្តិសុខចាប់ខ្លួន និងវាយដំ។

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បុគ្គលទាំងពីររូបនេះ បានថតសំដែង ផ្សាយផ្ទាល់សាជាថ្មីម្តងទៀត ចេញ​ពីទីតាំងម្ដុំឆៃណាថោន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានសកម្មភាពរត់គេចខ្លួន មានការភ័យខ្លាច និងនិយាយជាភាសាចិនមានអត្ថន័យថា ខ្លួនត្រូវបានគេតាមចាប់វាយធ្វើបាប និងស្រែក​ឱ្យ​គេជួយ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: