ព័ត៌មានអន្តរជាតិ

របាយការណ៍៖ អ៊ុយក្រែនត្រូវការថវិកាជិតកន្លះទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជិត២ឆ្នាំ

BY
Naren
February 16, 2024
របាយការណ៍៖ អ៊ុយក្រែនត្រូវការថវិកាជិតកន្លះទ្រីលានដុល្លារ ដើម្បីកសាងប្រទេសឡើងវិញ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីជិត២ឆ្នាំ

(កៀវ)៖ ធនាគារពិភពលោក សហភាពអឺរ៉ុប (EU) អង្គការសហប្រជាជាតិ (UN) ព្រមទាំងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញរបាយការណ៍រួមឱ្យដឹងថា អ៊ុយក្រែនត្រូវការថវិកាក្បែរកន្លះទ្រីលានដុល្លារ ដើម្បីយកទៅចំណាយលើកិច្ចប្រឹងប្រែងស្ថាបនាប្រទេស​ឡើងវិញពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ទីក្រុងកៀវកំពុងព្យាយាមស្វែងរកធនធានពីអន្តរជាតិ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួសជុលកសាងទីក្រុង ផ្លូវថ្នល់ ស្ពាន និងរោងចក្រថាមពល ដែលបានរងការបំផ្លិចបំផ្លាញ ឬខូចខាត ដោយសារសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ដែលគិតមកទល់ពេលនេះ បានអូសបន្លាយពេលជិត២ឆ្នាំ​ហើយ។ របាយការណ៍ខាងលើ បានអះអាងថា ថ្លៃចំណាយសម្រាប់ការងារកសាងនិងស្តារឡើងវិញនៅអ៊ុយក្រែន មានចំនួនសរុប៤៨៦ពាន់លានដុល្លារ សម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

របាយការណ៍ដដែល បានបន្តថា អ៊ុយក្រែននឹងត្រូវការថវិកា១៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤នេះតែឯងប៉ុណ្ណោះ សម្រាប់តម្រូវការកសាងឡើងវិញ​ ដែលចាំបាច់បន្ទាន់ៗ ដូចជាការជួសជុលលំនៅដ្ឋាន និងបណ្តាញតភ្ជាប់ផ្នែកដឹកជញ្ជូនសំខាន់ៗ។ ទន្ទឹមគ្នា អ៊ុយក្រែនកំពុងអំពាវនាវឱ្យ​ក្រុមសម្ព័ន្ធមិត្តលោកខាងលិច បញ្ចេញទ្រព្យសម្បត្តិរុស្ស៉ី ដែលត្រូវបានបង្កកចំនួនប្រហែល ៣០០ពាន់លានដុល្លារ ដើម្បីយកទៅប្រើក្នុងការងារជួសជុល​ដ៏ធំសម្បើម នៃហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

គួរបញ្ជាក់ថា របាយការណ៍ខាងលើ បានរកឃើញថា ប្រមាណជា១០ភាគរយនៃលំនៅដ្ឋានទូទាំងប្រទេសអ៊ុយក្រែន គឺបានរងការខូចខាត ឬបំផ្លិចបំផ្លាញក្នុងសង្រ្គាម ហើយរបាយការណ៍នោះ ក៏បានគូសរំលេចទំហំនៃការប៉ះពាល់ចំពោះបរិស្ថាន និងវិស័យកសិកម្ម ដែលបង្កឡើង​ដោយសារហេតុការណ៍ផ្ទុះទំនប់ Kakhovka កាលពីខែពាក់កណ្តាលឆ្នាំមុនផងដែរ។ របាយការណ៍ដដែល បានបន្ថែមជាចុងក្រោយថា ការបំផ្លិចបំផ្លាញ គឺប្រមូលផ្តុំនៅតំបន់សមរភូមិមុខចំនួន៤ រួមមាន Donetsk, Lugansk, Kherson និង Zaporizhzhia ប៉ុន្តែក៏នៅ​ជុំវិញរដ្ឋធានីកៀវ និងតំបន់ Kharkiv ភាគឦសាន ថែមទៀតផង៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: