ព័ត៌មានអន្តរជាតិ

សួនកម្សាន្តសម្បូរតុក្កតា Hello Kitty ក្នុងទីក្រុងតូក្យូ ត្រូវបិទបណ្តោះអាសន្ន ក្រោយទទួលបានសារគំរាម

BY
Nisaiy KP
February 25, 2024
សួនកម្សាន្តសម្បូរតុក្កតា Hello Kitty ក្នុងទីក្រុងតូក្យូ ត្រូវបិទបណ្តោះអាសន្ន ក្រោយទទួលបានសារគំរាម

(តូក្យូ)៖ ប្រតិបត្តិករ​និយាយថា សួន​កម្សាន្តដ៏​ពេញ​និយមតុបតែងឡើងពោរពេញដោយតុក្កតា Hello Kitty​ នៅក្នុង​ប្រទេស​ជប៉ុន​ ត្រូវ​បិទ​ទ្វារនៅ​សៅរ៍​នេះ បន្ទាប់​ពី​ទទួល​បានសារអ៉ីមែល​គំរាមកំហែង​ភេរវកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤។

សួនកម្សាន្ត Sanrio Puroland ស្ថិតនៅក្នុងរដ្ឋធានីតូក្យូ ហើយត្រូវបានគេស្គាល់ដោយសារការជិះ ការសម្តែង និងរូបតុក្កតាគួរឱ្យស្រលាញ់ Hello Kitty រួមទាំងវីរនារីដែលចូលចិត្តសត្វឆ្មាផងដែរ។ គេហទំព័រសួនកម្សាន្ត បានបញ្ជាក់ថា «យើងសម្រេចចិត្តបិទជាបណ្តោះអាសន្នរយៈពេលមួយថ្ងៃ ដោយសារតែសុវត្ថិភាពរបស់អ្នកចូលមកទស្សនា អ្នកសម្តែង និងបុគ្គលិករបស់យើងមិនអាចធានាបានទេ នៅពេលនេះ។ ថ្ងៃនេះ ថ្ងៃសៅរ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៤ យើងបានទទួលសារអ៉ីមែលគំរាមកំហែងភេរវកម្ម»។

គួរបញ្ជាក់ថា សួនកម្សាន្តខាងលើនេះ បានបើកដំណើរការតាំងពីឆ្នាំ ១៩៩០មកម្ល៉េះ។ ការគំរាមកំហែងដែលគ្មានប្រភពនេះ បានជំរុញឱ្យប៉ូលិសបើកការឆែកឆេរក្នុងទីលានសួនកម្សាន្ត ដើម្បីរកវត្ថុគួរឱ្សសង្ស័យប៉ុន្តែរកមិនឃើញនោះទេ៕ ផ្ដល់សិទ្ធិដោយ៖Freshnews

Share This Post: