ព័ត៌មានជាតិ

រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

BY
Naren
February 29, 2024
រាជរដ្ឋាភិបាលគ្រោងចំណាយ ៤៥០លានរៀល ដើម្បីរៀបចំបុណ្យទន្លេនៅខេត្តសៀមរាប និងរំពឹងទទួលបានភ្ញៀវជាង១លាននាក់

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណ៤៥០លានរៀល សម្រាប់រៀបចំពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ជាមួយនឹងការរំពឹងទុកថានឹងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១លាននាក់។ នេះបើតាមលោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍។

គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ​ជា​មួ​​​យ​នឹងរដ្ឋបាល​ខេត្ត​សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក​ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ​​ថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០​២៤ នៅខេត្តសៀមរាប។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីការរៀបចំពិធីបុណ្យទន្លេនៅខេត្តសៀមរាប នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សូ ម៉ារ៉ា បានថ្លែងយ៉ាងដូច្នេះថា «ថវិកា យើងមានប្រហែលជា៤៥០លានរៀល តិចជាងការរៀបចំបុណ្យសមុទ្រ៣ដង»។ ការណ៍ដែលរាជរដ្ឋាភិបាលអាចប្រើប្រាស់ថវិកានេះសម្រាប់រៀបចំពិធីធំៗនេះបាន គឺដោយសារការឧបត្ថម្ភគាំទ្រពីវិស័យឯកជនខ្លះ ស្មារតីចូលរួមដើម្បីវិស័យទេសចរណ៍។

លោកបានបន្តទៀតថា នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជា៖
១. ការសម្ដែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពីក្រុមសិល្បករ តារាចម្រៀងជាតិនិងអន្តរជាតិល្បីៗ ព្រមទាំងមានការអុចកាំជ្រួចអបអរសាទរពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ព្រមទាំងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤។
២. ការតាំងពិព័រណ៍ផលិតផលទេស​ចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារមេគង្គប្រមាណជាង៥០០ស្ដង់ ព្រមទាំងសកម្មភាពកម្សាន្តនានានៅតាមបណ្តោយដងស្ទឹងសៀមរាប និងតំបន់ Pub Street ផងដែរ។

បើតាមលោក សូ ម៉ារ៉ា ពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខនេះនឹងទាក់ទាញភ្ញៀវទេសចរប្រមាណ១លាននាក់ គិតចាប់ពីថ្ងៃទី១៥-១៧។

លោកបានជឿជាក់ថា​ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងរួមចំណែកជំរុញកំណើនភ្ញៀវទេសចរ និងបង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តតាមដងទន្លេនៅកម្ពុជា ស្របជាមួយនឹងយុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ ព្រមទាំងជួយជំរុញផ្សព្វផ្សាយផងដែរនូវភាពសម្បូរបែបនៃមហាអនុតំបន់មេគង្គ។

គួរបញ្ជាក់ទៀតថា សម្ដេចមហាបវរធិ​ប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ក៏នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៨នេះ នាថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: