ព័ត៌មានជាតិ

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះនៅខណ្ឌទួលគោក, ក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ និងអាជ្ញាធរប្រើពេលជិត៤ម៉ោង ជួយសង្គ្រោះបាន

BY
Naren
March 7, 2024
ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះនៅខណ្ឌទួលគោក, ក្រុមសង្គ្រោះ៧១១ កងពលតូចលេខ៧០ និងអាជ្ញាធរប្រើពេលជិត៤ម៉ោង ជួយសង្គ្រោះបាន

(ភ្នំពេញ)៖ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់​ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះ​ជាប់អស់ជាច្រើនម៉ោងពោលតាំងពីវេលាម៉ោងប្រមាណ ៦៖៣០នាទីល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ រហូតត្រូវបានជួយសង្គ្រោះយកចេញមកវិញដោយជោគជ័យ នៅវេលាម៉ោងជាង៩យប់។

ហេតុការណ៍ដ៏តក់ស្លុត និងកម្រកើតមានឡើងនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងនៅផ្ទះលេខ២៦ ក្រុមទី៧ ភូមិ២ ក្នុងសង្កាត់បឹងកក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។ ក្រោយមានករណីនេះកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោក បានទាក់ទងក្រុមកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ មកសង្គ្រោះក្មេងស្រីមានឈ្មោះ សុខ នីតា ពីព្រោះមានតែក្រុមសង្គ្រោះ៧១១ទេ ដែលមានមន្រ្តីជំនាញ និងឧបករណ៍អាចជួយក្មេងស្រីបាន។

ក្រោយធ្វើដំណើរមកដល់, ក្រុម៧១១ រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់នៅខណ្ឌទួលគោក បានបើកប្រតិបត្តិការខួងជញ្ជាំង និងប្រើវិធីសាស្រ្តមួយចំនួនរហូតជួយទាញយកក្មេងស្រីមកវិញបានដោយជោគជ័យ នៅវេលាម៉ោង ៩៖២៤នាទីយប់ថ្ងៃដដែលនេះ ប៉ុន្តែក្មេងស្រីរងគ្រោះមានសភាពអស់កម្លាំងយ៉ាងខ្លាំង និងការឈឺចុកចាប់លើរាងកាយដែលខ្លួននាងនៅជាប់ក្នុងប្រហោងជញ្ជាំងផ្ទះ ដោយមិនអាចកម្រើកខ្លួនបានទាល់តែសោះ។

ក្រោយជួយសង្គ្រោះបានហើយ, ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយអាយុជីវិត។ សម្រាប់មូលហេតុដែលនាំឲ្យក្មេងស្រីធ្លាក់ចូលប្រហោងជញ្ជាំងផ្ទះបែបនេះ នៅមិនទាន់ទទួលបានព័ត៌មានលំអិតនៅឡើយទេ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: