ព័ត៌មានជាតិ

អ្នកនាំពាក្យកសិកម្ម៖ កសិករនៅស្រុកគីរីវង់ សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធត្រឹម ៦០គីឡូក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន

BY
Naren
March 7, 2024
អ្នកនាំពាក្យកសិកម្ម៖ កសិករនៅស្រុកគីរីវង់ សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធត្រឹម ៦០គីឡូក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន

(តាកែវ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម សាកល្បងធ្វើស្រែគំរូ (Demo) ដោយប្រើពូជសុទ្ធ ត្រឹមតែ៦០គីឡូ ក្នុង១ហិកតា ទទួលបានទិន្នផលខ្ពស់ រហូតដល់៧.៥តោន ក្នុងមួយហិកតា។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងទិវាស្រែឆ្លាតវៃ សម្របទៅតាមបម្រែបម្រួលនៃអាកាសធាតុ នៅភូមិទួលស្វាយ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលរៀបចំដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទិវានេះ ក៏មានការចូលរួម ពីលោកអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលរងខេត្ត លោកប្រធានមន្ទីរកសិកម្ម ខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនជីបិញឌៀន សញ្ញាក្បាលក្របី, ក្រុមហ៊ុមយីតាក់គ្រុប តំណាងចែកចាយជីសញ្ញាក្បាលក្របី និងប្រជាកសិករចំនួន៨០នាក់។

លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា «ទិវាស្រែឆ្លាតវៃ» ដើម្បីអបអរសាទរទិន្នផល ៧.៥តោន ក្នុងមួយហិកតា របស់បងប្អូនកសិករនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលរួម ក្នុងកម្មវិធីសាកល្បងធ្វើស្រែគំរូ (Demo) លើផ្ទៃដីចំនួន៥ហិកតា ជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។

លោកបានបញ្ជាក់ថា ស្រែគំរូនេះ (ស្រូវប្រាំង) ត្រូវបានជ្រើសរើសធ្វើឡើង ដើម្បីបង្ហាញដល់ពុកម៉ែបងប្អូនប្រជាកសិករ នៅក្នុងស្រុកគីរីរង់ ឲ្យបានឃើញ និងយល់ដឹងពីការប្រើប្រាស់ បច្ចេកទេសដាំដុះត្រឹមត្រូវ ប្រើប្រាស់ពូជសុទ្ធត្រឹមតែ៦០គីឡូ ក្នុងមួយហិកតា ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ជី និងថ្លៃដើមផលិត។

លោកបន្ដទៀតថា ការប្រើប្រាស់បច្ចេកទេសត្រឹមត្រូវ និងការសន្សំសំចៃថ្លៃដើម គឺជាមូលដ្ឋានគ្រឹះ និងជាអត្ថប្រយោជន៍មួយ នៃសហគមន៍កសិកម្មទំនើប ដែលក្រសួងសង្ឃឹមទុកថា បងប្អូនកសិករនៅទីនេះ នឹងយកទៅពិចារណាចងក្រងគ្នា បង្កើតជាសហគមន៍នាពេលខាងមុខ។

ជាលទ្ធផល ទិន្នផលបានកើនឡើងរហូតដល់ ៧.៥តោន ក្នុងមួយហិកតា ហើយប្រសិន បើបូករួមនឹងការធ្លាក់ចុះនៃចំណាយ ប្រាក់ចំណេញរបស់ស្រែគំរូនេះ បានកើនឡើងជាងមុនប្រហែល ១.៥លានរៀល ក្នុងមួយហិកតា បើធៀបទៅនឹងការធ្វើស្រែធម្មតាតាមទម្លាប់របស់កសិករ (ពូជ៣០០គីឡូ ក្នុងមួយហិកតា ទិន្នផល៦តោន ក្នុងមួយហិកតា និងប្រើជីច្រើន)។

តំណាងក្រុមហ៊ុនដែលចូលរួម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាលក្រសួងស្ថាប័ន លោក-លោកស្រី និងបងប្អូនប្រជាកសិករ ដែលបានខិតខំយ៉ាងខ្លាំងក្លា ក្នុងការជួយគ្រប់បែបយ៉ាង និងគាំទ្រសហការយ៉ាងជិតសិ្នទ្ធ ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេសជី NPK សញ្ញាក្បាលក្របី ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: