ព័ត៌មានជាតិ

អាជ្ញាធរប្រកាសចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់អង្គរ, មនុស្សមួយក្រុមនេះរកស៊ីធ្វើសកម្មភាពថតសត្វស្វាបង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ

BY
Khmerpress
March 8, 2024
អាជ្ញាធរប្រកាសចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់អង្គរ, មនុស្សមួយក្រុមនេះរកស៊ីធ្វើសកម្មភាពថតសត្វស្វាបង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ

(សៀមរាប)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរជាតិអប្សរា នឹងចាត់ការលើក្រុមមនុស្សកេងប្រយោជន៍ពីសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរ ដោយសារមនុស្សមួយក្រុមនេះរកស៊ីទាញប្រយោជន៍ពីសត្វស្វា ពោលគេធ្វើសកម្មភាពថតសត្វស្វា បង្ហោះលើបណ្តាញសង្គម ដើម្បីរកលុយ។

ការប្រកាសពីចំណាត់ការនេះ ដោយសារនាពេលថ្មីៗនេះ មានជនខិលខូចមួយក្រុមតូចបានយាយីធ្វើឱ្យសត្វស្វារងរបួស យកជើងទាត់ និងគ្រវែងសត្វស្វាចូលក្នុងទឹក ដើម្បីថតរូបក្នុងគោលដៅបម្រើផលប្រយោជន៍ផ្ទាល់ខ្លួននៅតំបន់រមណីយដ្ឋានអង្គរខេត្តសៀមរាប។

ដើម្បីទប់ស្កាត់សកម្មភាពទាំងនេះ បច្ចុប្បន្នមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប កំពុងសហការជាមួយអាជ្ញាធរជាតិអប្សរា បើកការស៊ីបអង្កេតលើករណីជនខិលខូចមួយក្រុមតូចទាំងនោះ។

យោងតាមច្បាប់ស្តីពីព្រៃឈើមាត្រា៤៨ ចែងថា៖ ពពួកសត្វព្រៃគ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាទ្រព្យសម្បត្តិរបស់រដ្ឋ និងជាសមាសភាគនៃធនធានព្រៃឈើ រួមមាន ពួកថនិកសត្វ បក្សីសត្វ ឧរង្គសត្វ ផលជលិកសត្វ បាណកសត្វ និងសត្វឥតឆ្អឹងកងផ្សេងៗទៀត ព្រមទាំងពងកូនរបស់វា។ មាត្រា៩៩ ចែងថា៖ ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី៣ ដែលត្រូវជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ឬត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១លានទៅ១០លានរៀល វត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសយាយីធ្វើឱ្យរបួស ប្រមូលពងកូននៃប្រភេទសត្វក្នុងក្រុមជិតផុតពូជ ឬក្រុមមានដោយកម្រឬបំផ្លាញជម្រករបស់វា។

គួរជម្រាបថា កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សមួយក្រុម ឬក្រុមទាញផលប្រយោជន៍ពីសត្វស្វានេះហើយ ដែលធ្វើជាចេញមុខការពារស្វាមិនឱ្យអាជ្ញាធរចាប់សត្វស្វាចេញពីតំបន់អង្គរ និងបំភ្លៃប្រជាពលរដ្ឋឱ្យយល់ខុសលើអាជ្ញាធរ នៅពេលអាជ្ញាធរចាប់ស្វាដែលខាំភ្ញៀវទេសចរចេញពីតំបន់រមណីយដ្ឋានអង្គរ ដើម្បីយកទៅដាក់ឱ្យរស់នៅក្នុងព្រៃសហគមន៍ក្រៅពីតំបន់អង្គរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: