ព័ត៌មានជាតិ

កញ្ញា ដានី ស្រស់ ពីក្មេងស្រីជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ក្លាយជាមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញ

BY
Khmerpress
March 8, 2024
កញ្ញា ដានី ស្រស់ ពីក្មេងស្រីជនជាតិដើមភាគតិចព្នង ខេត្តមណ្ឌលគិរី ក្លាយជាមន្ត្រីនៃក្រុមប្រឹក្សាធម្មនុញ្ញ

(ភ្នំពេញ)៖ កញ្ញា ដានី ស្រស់ ធ្លាប់ជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាលពុំសូវយល់អ្វីសោះចំពោះបច្ចេកវិទ្យា បានខិតខំរៀនសូត្រក្លាយជានារីពូកែម្នាក់ ក្នុងយុគសម័យឌីជីថល ហើយបានប្រឡងជាប់ក្លាយជាមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន របស់ក្រុមប្រឹក្សាធម្មនុញ្ញ។

កញ្ញា ដានី ស្រស់ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នាងមានស្រុកកំណើតនៅភូមិពូតាំង ឃុំរមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជាមួយគ្នានេះ ដានី ស្រស់ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា ក្នុងពិធីអបអរសាទរ ទិវានារីអន្តរជាតិ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» បានឲ្យដឹងថា ស្រ្តី និងក្មេងស្រីនាពេលបច្ចុប្បនេះ បាននិងកំពុងពង្រឹងសមត្ថភាពការងាររបស់ខ្លួន ដើម្បីទ្រទ្រង់លើផ្នែកសេដ្ឋកិច្ច ខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានស្ថិរភាពហិរញ្ញវត្ថុ និងការសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍឱ្យបានទាន់សម័យកាលឌីជីថល។

កញ្ញា បានបន្តថា ក្នុងវត្ថុបំណងខាងលើ សង្កេតឃើញនៅលើបណ្តាញសង្គមគ្រប់ប្រភេទ ទាំងស្រ្តី និងក្មេងស្រីបានបង្កើតនូវមាតិកាវីដេអូមួយចំនួន ដែលមានភាពទាក់ទាញតាមបច្ចេកទេស និងបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់ខ្លួន ដែលអាចបង្កើតបានប្រាក់ចំណូលបន្ថែម ពីក្រុមហ៊ុន នៃបណ្តាញសង្គមមួយចំនួនដូចជា Facebook, Tik Tok, Instagram, YouTube ជាដើម។ ការណ៍ខាងលើនេះ ហាក់បីដូចជាផ្ទុយពីទិដ្ឋិផ្ទាល់របស់ខ្លួន កាលពី ១៧ឆ្នាំមុន នៅពេលដែលពុំទាន់មានប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់រីកចម្រើននៅពេលនោះ ហើយនៅពេលនោះ រឹតតែមិនស្គាល់ឡើយសូមី្បតែស្មាតហ្វូន (Smart phones) បណ្តាញសង្គមហ្វេសបុក ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដោយសារតែកញ្ញា គឺជាក្មេងស្រីដែលមកពីតំបន់ដាច់ស្រយាល ខណៈឪពុកម្តាយបានរឹតបន្តឹង និងមិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទ ដើម្បីឱ្យនាងបានខិតខំប្រឹងបែ្រងរៀនសូត្រ ដោយមិនចាំបាច់ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់នេះ។

ដានី ស្រស់ បានបន្ថែមថា «នៅពេលមួយទៀតនោះ ខ្ញុំបានសង្កេតឃើញនៅហាងថតចម្លងឯកសារភាគច្រើនសុទ្ធតែបុរស ដែលធ្វើឱ្យខ្ញុំមានចម្ងល់ថាតើការងារទាំងនេះស្រ្តី និងក្មេងស្រីមិនអាចធ្វើបានហើយមើលទៅ? ចុះទម្រាំប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្សេងទៀតនោះ ស្រ្តីពិតជាចាញ់បុរសហើយ ប៉ុន្តែគំនិតខ្ញុំម្ចាស់/នាងខ្ញុំ នៅពេលនោះ គឺផ្ទុយស្រឡះពីពេលបច្ចុប្បន្ន។ មកដល់សព្វថ្ងៃ រួមទាំងឆន្ទៈជម្នះការគិតពីមុន មិនថាស្រ្តីដទៃនោះទេ ខ្លួនខ្ញុំផ្ទាល់បានខិតខំចូលរួមយ៉ាងសកម្មក្នុងវិស័យប្រព័ន្ធឌីជីថល ពិសេសជាងនេះទៅទៀត ស្រ្តីមួយចំនួនបានប្រើបច្ចេកវិទ្យាតាមរយៈការលក់ដូរទំនិញតាមអនឡាញ និងការដឹកជញ្ជូនទំនិញ ម្ហូបអាហារតាម Food Panda, Grab, Pass App បានដូចបុរសដែរ ទោះមិនបានច្រើនប៉ុន្តែអាចដោះស្រាយបញ្ហាមួយចំនួនដោយខ្លួនឯងបានដោយឈរលើពាក្យស្លោកមួយ “បុរសធ្វើបាន ស្រ្តីក៏ធ្វើបាន” »

លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតមកដល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន ៣៣រូប ស្មើនឹង ៣៦.៣% នៃចំនួនមន្ត្រីរាជការសរុប។ លោកបន្តថា នៅក្នុងនោះ មន្ត្រីរាជការជានារីចំនួន ២២រូប ស្មើនឹង៦៦.៦៧% នៃមន្ត្រីរាជការសរុបជានារី កាន់តួនាទី និងមានតំណែង ចាប់ពីប្រធានផ្នែករហូតដល់ថ្នាក់អគ្គនាយក។

នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញទើបតែចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ១៩៩៨ ចំនួនមន្ត្រីរាជការជានារី ដែលបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន មានចំនួនតែ ៥រូបប៉ុណ្ណោះ (ស្មើនឹង១៥.១៥%) ក្នុងចំណោមចំនួនមន្ត្រីរាជការសរុបចំនួន ៣៣រូប៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: