ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈប់ឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័នទៀតហើយ

BY
Naren
March 11, 2024
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ឈប់ឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័នទៀតហើយ

(ភ្នំពេញ)៖ ដោយមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ កាញ្ញារិទ្ធ​ អភិបាលខណ្ឌ បានរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័ន ដោយមិនឲ្យមានការលក់ដូរបន្លែ ត្រី សាច់ នៅទាំង២ទីតាំងខាងលើនេះតទៅទៀតហើយ។

ប្រជាពលរដ្ឋបានយកទីតាំងនោះលក់ដូរពេលរាត្រីច្រើនឆ្នាំមកហើយ ដែលបានធ្វើឲ្យទីនោះគគ្រិចខ្លាំងណាស់ មានទាំងក្លិនស្អុយ ឆ្អេះ ឆ្អាបគ្រប់បែបយ៉ាង ប៉ះពាល់ដល់សោភ័ណភាព និងបរិស្ថានទីវត្តអារាម ព្រមទាំងសាលារៀន យ៉ាងខ្លាំង ហើយក៏បង្កឲ្យមានភាពរញ៉េរញ៉ៃតាមដងផ្លូវផងដែរ ទើបមិនអាចឲ្យបន្តការលក់ដូរតទៅទៀតបាន។

បើគិតរហូតមកទល់ពេលនេះ អាជ្ញារធរបានបញ្ឈប់ការលក់ដូរនៅទីនោះទាំងស្រុងរយៈពេល២ខែកន្លងមកហើយ ក្រោយពីរៀបចំសណ្ដាប់ធ្នាប់បានជោគជ័យរបស់អាជ្ញាធរខណ្ឌ ព្រមទាំងមានការចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស បានបាញ់ទឹកលាងសម្អាតទីនោះជាញឹកញាប់ ដើម្បីជម្រះក្លិនស្អុយឆ្អេះឆ្អាបចេញពីទីនោះ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានប្រាប់ឲ្យអង្គភាពព័ត៌មាន Fresh Newsថា ក្រុមអ្នកលក់ដូរដែលបាននាំគ្នាយកទីតាំងមុខវត្តជម្ពូវ័ន និងសាលាបឋមសិក្សាជម្ពូវ័នដាក់លក់បន្លែ ត្រី សាច់ និងរបស់របរផ្សេងៗនោះ ពុំមែនជាអាជីវករនៅផ្សារជម្ពូវ័ននោះទេ។

ពួកគាត់បានមកពីតាមបណ្ដាស្រុកភូមិនានា ចំណែកឯការលក់ដូរ គឺលក់នៅពេលយប់ និងបង្កើតឲ្យមានភាពស្មោកគ្រោក ស្អុយ ឆ្អេះ ឆ្អាប ប៉ះពាល់ដល់ទីវត្តអារាម និងសាលារៀនខាងលើយ៉ាងខ្លាំង។

លោកអភិបាលរងខណ្ឌ បានប្រាប់ទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក សក់ កាញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្រ្តីក្រោមឱវាទ ចុះរៀបចំសណ្ដាប់ធ្នាប់ និងបញ្ឈប់មិនឲ្យមានការលក់ដូរនៅទីតាំងទាំង២ខាងលើតទៅទៀត។

អាជ្ញាធរបានធ្វើការងារនេះបានសម្រេចជោគជ័យរយៈពេលជាង២ខែមកហើយ និងមិនឲ្យមានការដាក់លក់ឡើងវិញជាដាច់ខាត។ មិនតែប៉ុណ្ណោះក្រោយពីការការរៀបចំបានសម្រេច ក៏បានបាញ់ទឹកលាងសម្អាតជាបន្តបន្ទាប់ផងដែរ ដើម្បីជម្រះក្លិនស្អុយឆ្អេះឆ្អាបចេញពីទីនោះ ចំណែកព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សបានគាំទ្រយ៉ាងពេញទំហឹងលើចំណាត់ការមួយនេះផងដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: