ព័ត៌មានអន្តរជាតិ

តម្លៃ Bitcoin ហក់ឡើងខ្ពស់បំផុតរហូតដល់ ៧០,៤០០ដុល្លារ បំបែកកំណត់ត្រាចាស់

BY
Khmerpress
March 12, 2024
តម្លៃ Bitcoin ហក់ឡើងខ្ពស់បំផុតរហូតដល់ ៧០,៤០០ដុល្លារ បំបែកកំណត់ត្រាចាស់

(បរទេស)៖ Bitcoin ត្រូវបានគេស្គាល់ថា ជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតរបស់ពិភពលោក ខណៈនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានហក់ឡើងថ្លៃខ្ពស់រហូតដល់ទៅ៧០,៤០០ដុល្លារ ក្នុងមួយកាក់ ដែលតម្លៃនេះ គឺបានបំបែកកំណត់ត្រាចាស់ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលបានហក់ឡើងថ្លៃរហូតដល់៦ម៉ឺន៩ពាន់ដុល្លារ ក្នុងមួយកាក់ Bitcoin កាលពីខែវិច្ឆកា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុនមូលបត្រ និងហិញ្ញវត្ថុរបស់អង់គ្លេស London Stock Exchange Group (LSEG) បានបង្ហាញថា តម្លៃ Bitcoin បានកើនឡើងដល់៧០,៤៨៨.៥០ដុល្លារ នៅក្នុងការជួញដូរនៅអឺរ៉ុបនៅថ្ងៃចន្ទដើមសប្តាហ៍នេះ។ រូបិយប័ណ្ណឌីជីថល Bitcoin បានហក់ឡើងថ្លៃខ្លាំង នៅក្នុងឆ្នាំ២០២៤ នេះ ហើយកត្តាសំខាន់បំផុតដែលនាំឱ្យវាហក់ឡើងថ្លៃខ្លាំងបែបនេះ គឺដោយសារសន្ទុះកំណើននៃរំហូរវិនិយោគលើមូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិក។

គួរជម្រាបថា និយ័តករមូលបត្រអាមេរិក បានអនុម័តទទួលស្គាល់មូលនិធិជួញដូររូបិយប័ណ្ណឌីជីថល Bitcoin ETF អំឡុងខែមករា ដើមឆ្នាំ២០២៤ នេះ។ ការអនុម័តនេះហើយ ជាកត្តាសំខាន់បំផុត ដែលបានបើកផ្លូវសម្រាប់អ្នកវិនិយោគធំៗថ្មីៗចាប់ផ្ដើមសម្រុកវិនិយោគលើ Bitcoin ដែលជំរុញឱ្យវាហក់ឡើងថ្លៃស្រឺតៗ ដែលគិតត្រឹមថ្ងៃចន្ទនេះមានតម្លៃរហូតដល់ ៧០,៤០០ដុល្លារក្នុងមួយ Bitcoin ទៅហើយ ពោលគឺឈានដល់កម្រិតបំបែកកំណត់ត្រាចាស់ជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២១ របស់ខ្លួន៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: