ព័ត៌មានអន្តរជាតិ

Apple គ្រោងបើក Apple Store ទី៨ នៅទីក្រុងសៀងហៃឆាប់ៗខាងមុខនេះ

BY
Khmerpress
March 12, 2024
Apple គ្រោងបើក Apple Store ទី៨ នៅទីក្រុងសៀងហៃឆាប់ៗខាងមុខនេះ

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានប្រកាសថា ខ្លួនគ្រោងនឹងបើកដំណើរការហាងលក់រាយ (retail store) ទី៨របស់ខ្លួនដែលមានឈ្មោះថា Apple Jing’an ក្នុងពេលឆាប់ៗខាងមុខនេះដែលមានទីតាំងនៅចំកណ្តាលទីក្រុសៀងហៃ ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Apple Insider។

ហាងថ្មីនេះ គឺជាផ្នែកមួយនៃគម្រោងរបស់ Apple ក្នុងការបន្ថែម ឬកែលម្អហាងចំនួន ៥០នៅទូទាំងពិភពលោកត្រឹមឆ្នាំ២០២៧ ហើយវានឹងមានទីតាំងនៅផ្លូវ Nanjing West ក្នុងសង្កាត់ Jing’an។ Apple Jing’an នឹងក្លាយជាហាងទី៥៧ របស់ Apple នៅក្នុងប្រទេសចិនដីគោក។ ប៉ុន្តែបើតាមការបញ្ជាក់ពីប្រភព Apple Insider បានបង្ហាញថា វាគឺជាហាងលក់រាយដ៏ធំទី៨ របស់ Apple គិតចាប់តាំងពីការបើកដំណើរការជាលើកដំបូងក្នុងឆ្នាំ២០១០។

ប្រភពបានបន្ថែមទៀតថា Apple បានរៀបចំហាងថ្មីនោះរួចរាល់ហើយ ដោយខាងមុខហាងត្រូវបានតុបតែងដោយរចនាប័ទ្មផ្កា ហើយមានផ្ទាំងរូបភាពពិសេសសម្រាប់ឧបករណ៍ Apple ត្រូវបានបង្កើតឡើងដើម្បីអបអរសាទរការបើកដំណើរការ។ ដោយឡែកចំពោះកាលបរិច្ឆេទបើកពិតប្រាកដមិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែបើតាមប្រភពពីរបាយការណ៍ក្នុងស្រុកបានបង្ហាញថា ហាងនឹងស្វាគមន៍អតិថិជននៅចុងខែនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: