ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបរហូតដល់ព្រឺរោម ពេលបានចុះឃើញដោយផ្ទាល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជារបស់ខ្មែរ

BY
Khmerpress
March 12, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត រំភើបរហូតដល់ព្រឺរោម ពេលបានចុះឃើញដោយផ្ទាល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជារបស់ខ្មែរ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងសំណេះសំណាល ជាមួយក្រុមការងារ និងកម្មករបម្រើការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងពីក្តីរំភើបរបស់សម្តេច ដែលបានឃើញផ្ទាល់នៅព្រលានយន្តហោះដ៏ធំជាងគេរបស់កម្ពុជា។

សម្តេចបានបញ្ជាក់ថា បន្ទាប់ពីចុះពីបានមកដល់ និងបានឃើញព្រលានយន្តហោះថ្មីនេះ សម្តេចរំភើបរហូតដល់ព្រឺរោម បើទោះបីសម្តេចធ្លាប់ដើរច្រើនប្រទេស និងឃើញព្រលានយន្តហោះប្រភេទនេះច្រើនក្តី ប៉ុន្តែអ្វីដែលរំភើបនោះ គឺមានមោទនភាព ដែលខ្មែរមានព្រលានយន្តហោះជារបស់ខ្មែរ។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ មានមកមើលព្រលានយន្តហោះអន្តរជាតិតេជោ ផ្ទាល់មានអារម្មណ៍រំភើប ទោះបីការសាងសង់មិនទាន់ចប់ក៏ដោយ តែអារម្មណ៍និយាយឱ្យត្រង់ គឺថារំភើបព្រឺរោម។ ថ្ងៃមុនខ្ញុំធ្លាប់ទៅសម្ពោធ នៅអាកាសយានដ្ឋានសៀមរាបអង្គររបស់យើងនោះ មានអារម្មណ៍រំភើបម្តងហើយ ខ្ញុំដើរច្រើនប្រទេសដែរ ព្រលានយន្តហោះបែបនេះ ក៏យើងធ្លាប់មានឃើញនៅប្រទេសផ្សេងដែរ ប៉ុន្តែអ្វីដែលជាមោទនភាពធ្វើឱ្យខ្ញុំរំភើបនោះ ព្រោះនៅលើទឹកដីខ្មែរ ជារបស់ខ្មែររបស់យើង»

សម្តេចបានរំលឹកថា កម្ពុជាបានបើកដំណើរការហោះហើរជាអន្តរជាតិលើកដំបូង កាលពី៦៥ឆ្នាំមុន នៅឆ្នាំ១៩៥៦ ហើយនៅទីនេះនៅឆ្នាំ២០២៥ កម្ពុជានឹងបើកដំណើរការ ព្រលានយន្តហោះអន្តរជាតិតេជោ ដែលជាព្រលានយន្តហោះ ដែលធំជាងគេបំផុតនៅកម្ពុជា ជាប្រវត្តិសាស្ត្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន CAIC ក្នុងការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ទោះពេលកូវីដ១៩ រាតត្បាត ក៏មិនបានបន្ទច់បង្អាក់សកម្មភាពសាងសង់។

សូមជម្រាបថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២ ៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពីភាគខាងត្បូងភ្នំពេញ។

គិតត្រឹមថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាង​សង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ មានសមត្ថភាពទទួលបានការចុះចត យន្តហោះរហូតដល់ធុនធំៗ ឆ្លងទ្វីបដែលមានកូដអេហ្វ រហូតដល់ Airbus A380-800 និងយន្តហោះ Boeing 747-800។ ព្រលានយន្តហោះនេះ មានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ ១៥លាននាក់/ឆ្នាំ និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: