ព័ត៌មានជាតិ

រមណីយដ្ឋានអង្គររបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់ Taylor Swift

BY
Naren
March 12, 2024
រមណីយដ្ឋានអង្គររបស់កម្ពុជា ត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់ Taylor Swift

(ភ្នំពេញ)៖ គោលដៅទេសចរនៅតំបន់រមណីយដ្ឋានអង្គរ នឹងត្រូវបានផ្សព្វផ្សាយកាន់តែទូលាយទៅកាន់ពិភពលោក តាមរយៈបទចម្រៀងរបស់តារាចម្រៀងលំដាប់ពិភពលោក Taylor Swift នៅក្នុងអាល់ប៊ុមរបស់ខ្លួន។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកសង្គម និងវប្បធម៌អាស៊ាន។

Taylor Swift ធ្លាប់បានចេញអាល់ប៊ុមដ៏ភ្ញាក់ផ្អើលដែលមានចំណងជើងថា «evermore» ដោយបន្ថែមថា បទចម្រៀងមួយក្នុងអាល់ប៊ុម១៧បទ គឺជាការឧទ្ទិសដល់ជីដូនរបស់នាង គឺលោកយាយ Marjorie Finlay ដែលជាអ្នកចម្រៀងអូប៉េរ៉ាដែលបានទទួលមរណភាពកាលពីឆ្នាំ២០០៣ និងរួមបញ្ចូលទាំងការគាំទ្រផងដែរ។

វីដេអូរបស់បទចម្រៀងនេះដែរក៏បានធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជា តាមរយៈខ្សែវីដេអូបង្ហាញពីការមកទស្សនានៅតំបន់អង្គរដ៏ស្រស់ស្អាតរបស់លោកយាយ Marjorie Finlay នាពាក់កណ្តាលទសវត្សឆ្នាំ១៩៦០។ ពិតណាស់ តំបន់រមណីយដ្ឋានអង្គរគឺធំធេងណាស់ ដែលមានក្រុមប្រាសាទរាប់សិបប្រាសាទ សុទ្ធតែជាស្នាដៃដ៏ល្អឯកនិងល្បីល្បាញសម្រាប់ពិភពលោក។ តាមរយៈវីដេអូលោកយាយរបស់តារាចម្រៀង Taylor Swift បានបង្ហាញពីប្រាសាទព្រះខ័នជាដើម។

គួរជម្រាបថា Taylor Swift ទើបតែមកចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «Eras Tour» នៅប្រទេសសិង្ហបុរី រយៈពេល៦យប់ ចាប់ពីពីថ្ងៃទី២-៩ ខែមីនា ឆ្នាំ២០២៤។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់រមណីយដ្ឋានអង្គរកាន់តែមានកិត្តិនាមលេចធ្លោឡើងនៅលើពិភពលោក។ គេមិនភ្លេចឡើយនូវកំពូលតារាភាពយន្តហូលីវូដ Angelina Jolie និងបុគ្គលល្បីៗអន្តរជាតិដទៃទៀត ដែលតែងតែជួយផ្សព្វផ្សាយឱ្យពិភពលោកកាន់តែស្គាល់ប្រទេសកម្ពុជា និងមកទស្សនាគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់អង្គរ។ ដូច្នេះការបង្ហាញក្នុងអាល់ប៊ុមចម្រៀងរបស់តារាស្រី Taylor Swift ក៏នឹងកាន់តែពង្រីកការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋជុំវិញពិភពលោកឱ្យស្គាល់ពីកម្ពុជាបន្ថែមទៀតដែរ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: