ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការនៅពេលមុខ ខណៈកិច្ចព្រមព្រៀងបានចុះហត្ថលេខាហើយពេលសម្ដេចអញ្ជើញទៅអូស្ដ្រាលី

BY
Khmerpress
March 12, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងបើកដំណើរការនៅពេលមុខ ខណៈកិច្ចព្រមព្រៀងបានចុះហត្ថលេខាហើយពេលសម្ដេចអញ្ជើញទៅអូស្ដ្រាលី

(កណ្ដាល)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហើបថា នៅថ្ងៃខាងមុខការហោះហើរត្រង់រវាងកម្ពុជា និងអូស្ដ្រាលី នឹងបើកដំណើរការ ក្រោយកិច្ចព្រមព្រៀងស្ដីពីការបើកច្រកទំនាក់ទំនងវិស័យផ្លូវអាកាសរវាងប្រទេសទាំងពីរ បានចុះហត្ថលេខារួចរាល់ហើយ នៅពេលដែលសម្ដេចដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី កាលពីសប្ដាហ៍កន្លងទៅនេះ។

ការឲ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទីមួយ សម្រេចបានប្រមាណ៦៦.១ភាគរយ និងបានចំណាយទឹកប្រាក់សរុប សម្រាប់ការ​សាងសង់ចំនួន ៩៦១លានដុល្លារអាមេរិក នៃគម្រោងទឹកប្រាក់វិនិយោគសរុបចំនួន ១,៥០០លាន​ដុល្លារ​អាមេរិក។

បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ការហោះហើរត្រង់រវាងកម្ពុជា-អូស្ដ្រាលី នឹងធ្វើឡើងនៅពេលដែលចំនួនអ្នកធ្វើដំណើរមានការកើនឡើង ខណៈបច្ចុប្បន្ននេះរាល់ការធ្វើដំណើរមកពីប្រទេសអូស្ដ្រាលី ត្រូវឆ្លងកាត់បណ្ដាប្រទេសផ្សេងៗ ទើបបន្ដមកដល់ប្រទេសកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃមុនទៅអូស្ដ្រាលីយើងបានចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីពីការបើកច្រកសម្រាប់ទំនាក់ទំនងវិស័យអាកាស, យើងថ្ងៃមុខអាចឈានទៅដល់ការហោះហើរត្រង់តែម្ដង។ ឥលូវនេះយើងហោះមកចូលតាមប្រទេសផ្សេងៗ […] យើងចុះកិច្ចព្រមព្រៀងជាមួយអូស្ដ្រាលីបើកច្រក ថ្ងៃក្រោយបើមានចំនួនមនុស្សធ្វើដំណើរ»។

សម្ដេចធិបតីប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងតភ្ជាប់ជើងហោះហើរត្រង់ពីបណ្ដាប្រទេសនានានៅលើពិភពលោក មកកាន់ប្រទេសកម្ពុជា នឹងមានភាពងាយស្រួលនៅពេលដែលកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធវិស័យផ្លូវអាកាសគ្រប់គ្រាន់ ពោលជាក់ស្ដែងដូចអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅពេលសាងសង់រួចរាល់នឹងកាន់តែបង្កលក្ខណៈងាយស្រួល។ ដូច្នេះហើយ ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស និងមនុស្សក្នុងវិស័យទេសចរណ៍ ត្រូវតែដើរទន្ទឹមគ្នា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់រួចរាល់ហើយនោះ ចំនួនជើងហោះហើរ ពិសេសប្រភេទយន្ដហោះធុនធំដែលមកពីប៉ែកអឺរ៉ុប នឹងមានកាន់តែច្រើន ម្ល៉េះហើយនៅពេលនេះវិស័យទេសចរណ៍របស់កម្ពុជា នឹងកាន់តែមានការរីកចម្រើនខ្លាំងក្លាបន្ថែមទៀត ព្រមទាំងធ្វើឲ្យចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា ក៏កាន់តែកើនឡើងដូចគ្នាដែរ។

សូមជម្រាបថា ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជាបានរួមដំណើរជាមួយគ្នាយ៉ាងយូរចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ហើយឥឡូវនេះវប្បធម៌របស់កម្ពុជា បានបញ្ចូលយ៉ាងរលូននៅក្នុងសង្គមអូស្ត្រាលី។ ការរីកចម្រើននាពេលថ្មីៗនេះ នៅក្នុងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បង្ហាញពីសក្តានុពលដ៏ធំធេងសម្រាប់ភាពជាដៃគូកាន់តែធំជាងមុន។ នៅឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីសរុបលើសពី៥៤៦លានដុល្លារ ដែលចំនួននេះបានកើនឡើង៦៥% បើធៀបឆ្នាំ២០២១៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: