ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចាត់ឱ្យមន្ត្រីមន្ទីរកសិកម្ម ចុះសម្របសម្រួលការទិញស្រូវខុសតម្លៃគ្នាជាបន្ទាន់ក្នុងស្រុកស្ទឹងត្រង់

BY
Khmerpress
March 12, 2024
អភិបាលខេត្តកំពង់ចាម ចាត់ឱ្យមន្ត្រីមន្ទីរកសិកម្ម ចុះសម្របសម្រួលការទិញស្រូវខុសតម្លៃគ្នាជាបន្ទាន់ក្នុងស្រុកស្ទឹងត្រង់

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត ចុះសម្របសម្រួលជាបន្ទាន់លើបញ្ហាការទិញស្រូវរបស់ប្រជាកសិករខុសតម្លៃគ្នាក្នុងឃុំចំនួន៣ នៃស្រុកស្ទឹងត្រង់។

លោកអភិបាលខេត្ត បានដាក់វិធានការនោះនាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានលើកឡើងថា មានសំណូមពរពីប្រជាពលរដ្ឋឱ្យអាជ្ញាធរខេត្តជួយរកដំណោះស្រាយលើបញ្ហាកន្លងទៅថ្មីៗនេះ ករណីឈ្មួញទិញស្រូវតម្លៃខ្ពស់ទាបខុសគ្នា ស្ថិតក្នុងឃុំខ្ពបតាងួន ឃុំពាមកោះស្នា និងឃុំព្រះអណ្ដូងនៅស្រុកស្ទឹងត្រង់។

ក្រោយមានការលើកឡើងដូច្នេះ, អភិបាលខេត្តកំពង់ចាម បានដាក់គោលការណ៍ឲ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះស្រាវជ្រាវលើបញ្ហានេះរវាងប្រជាពលរដ្ឋ និងឈ្មួញអ្នកដើរទិញស្រូវ ដើម្បីធ្វើការសម្របសម្រួល ឲ្យមានការឯកភាពគ្នា ក្នុងតម្លៃណាមួយដែលពួកគាត់ទទួលយកបាន ដើម្បីបញ្ចប់កង្វល់របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានឲ្យដឹងថា ការប្រមូលផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋ គិតមកដល់ត្រឹមថ្ងៃនេះបានប្រមាណ៥៥%ហើយ។ នៅសល់ប្រមាណ៤៥%ទៀត កំពុងតែប្រមូលផលជាបន្តបន្ទាប់ ដែលបងប្អូនប្រជាកសិករយើង ធ្វើស្រូវប្រដេញទឹក។

សូមបញ្ជាក់ថា សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៥៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នាថ្ងៃនេះ មានរបៀបវារៈចំនួន៤៖

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។
*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែកុម្ភៈ និងទិសដៅការងារប្រចាំខែមីនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងសេចក្ដីសម្រេចស្តីពី ការបិទបញ្ជីចំណូល ចំណាយ និងការធ្វើរបាយការណ៍សរុប ការអនុវត្តចំណូល ចំណាយថវិកា របស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ និងបញ្ហាមួយចំនួនទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: