ព័ត៌មានអន្តរជាតិ

Donald Trump និយាយថា TikTok ជាកម្មវិធីគំ-រាម-កំ-ហែងសន្តិសុខជាតិ ប៉ុន្តែក្មេងៗជាច្រើនអាចនឹង «ឆ្កួត» បើសិនគ្មានវា

BY
Khmerpress
March 12, 2024
Donald Trump និយាយថា TikTok ជាកម្មវិធីគំ-រាម-កំ-ហែងសន្តិសុខជាតិ ប៉ុន្តែក្មេងៗជាច្រើនអាចនឹង «ឆ្កួត» បើសិនគ្មានវា

(បរទេស)៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយនៅថ្ងៃចន្ទថា លោកនៅតែជឿថា TikTok បង្កហានិភ័យសន្តិសុខជាតិ ប៉ុន្តែលោកបានជំទាស់ទៅនឹងការហាមឃាត់កម្មវិធីដ៏ពេញនិយមនេះ ដោយមានការលើកឡើងថា វាអាចធ្វើឱ្យប៉ះពាល់ដល់ក្មេងៗជាច្រើននៅអាមេរិក ហើយការធ្វើដូច្នេះដូចធ្វើឱ្យ Facebook យកឈ្នះតែម្នាក់ឯងដោយមិនចាំបាច់ប្រកួតប្រជែងអ៊ីចឹង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

Trump នៅក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយ «Squawk Box» ពីស្ថាប័នព័ត៌មាន CNBC ត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់គាត់កាលពីសប្តាហ៍មុនដែលហាក់ដូចជាការប្រឆាំងទៅនឹងសេចក្តីព្រាងច្បាប់ដែលត្រូវបានអនុម័តដោយសភាដែលនឹងហាមឃាត់ទៅលើកម្មវិធីកម្សាន្ត TikTok និងកម្មវិធី ByteDance ផ្សេងៗទៀតនៅក្នុង Apple និង Google Store ក៏ដូចជាសេវាកម្មបង្ហោះនៅលើគេហទំព័ររបស់សហរដ្ឋអាមេរិក។

លោក Trump បាននិយាយនៅក្នុងកិច្ចសម្ភាសន៍នោះថា «និយាយដោយត្រង់ទៅ មានមនុស្សជាច្រើននៅលើ TikTok ដែលចូលចិត្តវា។ មានក្មេងៗជាច្រើននៅលើ TikTok ដែលនឹងឆ្កួតដោយគ្មានវា» ។ «មានរឿងល្អច្រើន និងមានរឿងអាក្រក់ច្រើនជាមួយ TikTok ប៉ុន្តែអ្វីដែលខ្ញុំមិនគាំទ្រនោះគឺថា បើគ្មាន TikTok នោះនឹងធ្វើឱ្យ Facebook កាន់តែធំ ហើយខ្ញុំចាត់ទុក Facebook ជាសត្រូវរបស់ប្រជាជនរួមជាមួយនឹង ប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត»។ លោកបានបន្តទៀតថា ប្រសិនបើកម្ចាត់ TikTok នោះ Facebook និង Zuckerschmuck (សំដៅលើ Mark Zuckerberg) នឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេកើនឡើងទ្វេដង។ ខ្ញុំមិនចង់ឱ្យ Facebook ដែលបោកប្រាស់ក្នុងការបោះឆ្នោតលើកមុនមានភាពប្រសើរឡើងនោះទេ។

យ៉ាងណាមិញជុំវិញការលើកឡើងនេះហាក់ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈកាលលោកនៅជាប្រធានាធិបតីអាមេរិក លោក Trump ធ្លាប់បានគំរាមហាមប្រាម TikTok ។ ទោះជាយ៉ាងណា លោកហាក់ដូចជាបានផ្លាស់ប្តូរការយល់ឃើញ។ ទន្ទឹមនឹងនេះដែរ គណៈកម្មាធិការនៃសភាតំណាងរាស្រ្តអាមេរិកបានបោះឆ្នោតដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ទ្វេភាគី ដែលនឹងបង្ខំក្រុមហ៊ុនមេ TikTok គឺ ByteDance ឱ្យដកខ្លួនចេញពីកម្មវិធីក្នុងរយៈពេល១៦៥ ថ្ងៃ ពោលគឺប្រហែល ៦ខែដើម្បីដកកម្មវិធីវីដេអូខ្លីចេញពីអ្នកប្រើប្រាស់ជនជាតិអាមេរិកសរុបចំនួន ១៧០លាននាក់។

គួរជម្រាបដែរថា សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក គ្រោងនឹងបោះឆ្នោតនៅថ្ងៃពុធសប្តាហ៍នេះ តាមការកំណត់នៅក្រោមគោលការណ៍ពីភាគបីនៃការបោះឆ្នោតដោយគ្រាន់តែជ្រើសរើស «Yes» សម្រាប់វិធានការដើម្បីឈ្នះការអនុម័ត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: