ព័ត៌មានជាតិ

ទង់ជាតិខ្មែរនឹងត្រូវចងគ្រប់រទេះគោដឹកអ្នកទេសចរ ដែលទស្សនាវត្តពោធិ៍រុក្ខារាម អាយុកាលជាង ១០០ឆ្នាំ

BY
Naren
March 13, 2024
ទង់ជាតិខ្មែរនឹងត្រូវចងគ្រប់រទេះគោដឹកអ្នកទេសចរ ដែលទស្សនាវត្តពោធិ៍រុក្ខារាម អាយុកាលជាង ១០០ឆ្នាំ

(ភ្នំពេញ)៖ គ្រប់រទេះគោ ដែលដឹកអ្នកទេសចរ ទស្សនាវត្តពោធិ៍រុក្ខារាម ដែលមានអាយុកាលជាង ១០០ឆ្នាំ នឹងចងទង់ជាតិខ្មែរ។ នេះបើយោងតាមលទ្ធផលកិច្ចប្រជុំណែនាំ ដល់សហគមន៍រទេះគោដឹកភ្ញៀវទេសចរបរទេស នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត មេប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានប្រជុំគ្នា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដោយមានលទ្ធផល ដូចខាងក្រោម៖

* ទី១៖ ត្រូវរៀបចំជួសជុល និងតុបតែងរទេះគោឲ្យបានស្អាត
* ទី២៖​ ត្រូវស្លៀកពាក់ឯកសណ្ឋាន និងពាក់មួកស្លឹកត្នោតដល់អ្នកបរទេះ
* ទី៣៖ គ្រប់រទេះគោ ត្រូវចងទង់ជាតិខ្មែរ
* ទី៤៖ ត្រូវមានកម្រាលទន់សម្រាប់ភ្ញៀវអង្គុយ
* ទី៥៖ ត្រូវមានអនាម័យខ្លួនប្រាណឲ្យបានស្អាតជាប្រចាំ ជៀសវាងមានក្លិនមិនល្អប៉ះពាល់ដល់ភ្ញៀវ
* ទី៦៖ សូមផ្តល់របាយការណ៍ស្ថិតិភ្ញៀវបរទេស មកមន្ទីរឲ្យបានជាក់លាក់។

ជាមួយគ្នានេះ ក៏មានសំណូមពរ ចំនួន ៣រួមមាន៖

* ទី១៖ ហាមក្មេងរ​ត់តាមរទេះគោ និងសុំលុយភ្ញៀវ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ភ្ញៀវ
* ទី២៖ សុំឲ្យមានកម្លាំងសនិ្តសុខដើរតាមរទេះ ដើម្បីរក្សាសុវត្ថិភាពជូនភ្ញៀវ
* ទី៣៖ សុំឲ្យធ្វើដំបូលរទេះ (បញ្ហានេះ ខាងសហគមន៍បានលើកឡើងថា ដោយសាររទេះគោរបស់ពួកគាត់ជាប្រភេទរទេះ សាលី មានទំហំតូច ដែលពិបាកក្នុងការដាក់ដំបូលបន្ថែម។ ម្យ៉ាងទៀត កន្លងមកមគ្គុទេសន៍ទេសចរ និងភ្ញៀវបរទេស ក៏មិនមានសំណូមពរលើបញ្ហាដំបូលនេះដែរ)។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសម្តែងការកោតសរសើរ ដែលរទេះគោត្រូវបានប្រើប្រាស់ ដើម្បីដឹកអ្នកទេសចរអន្តរជាតិ ទៅទស្សនាវត្តពោធិ៍រុក្ខារាម ដែលមានអាយុកាលជាង ១០០ឆ្នាំ។ ក្រសួងវប្បធម៌និងចិត្រសិល្បៈ បានចាត់ទុកថា សកម្មភាពនេះបានផ្សព្វផ្សាយទាំងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងជីវភាពប្រជាពលរដ្ឋខ្មែរ។

ស្រុកកំពង់ត្រឡាច បានក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។ ស្ទើរតែរៀងរាល់ថ្ងៃ តែងមានក្រុមភ្ញៀវទេសចរបរទេសធ្វើដំណើរតាមកប៉ាល់ និងរថយន្តក្រុងធំៗចូលមក ដើម្បីជិះរទេះគោដើរកម្សាន្តកាត់តាមទីជនបទរបស់ស្រុក និងជាពិសេសចូលទស្សនាគំនូរបុរាណ និងព្រះវិហារវត្តពោធិ៍រុក្ខារាម ដែលជាសម្បត្តិបេតិកភណ្ឌជាតិមួយ មានអាយុកាលប្រមាណជាង ១០០ឆ្នាំហើយ។ នេះបើតាមមន្ទីរទេចរណ៍ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក ស៊ុំ ម៉ាប់ ប្រធានក្រុមអ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្តពោធិ៍រុក្ខារាម ឬវត្តកំពង់ត្រឡាចលើ ជាវត្តបុរាណចំណាស់មួយ ក្នុងចំណោមវត្តបុរាណជាច្រើន ដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិរក្ស តាំងពីយូរ រហូតមកដល់បច្ចុប្បន្ននេះ។

លោកបានបន្តថា នៅក្នុងកំឡុងឆ្នាំ១៦៧២-១៧២៧ ព្រះចៅអធិការវត្តទី១ ព្រះនាម «រស់» បានកសាងវត្តសាឡុំអំពើឈើប្រក់ស្លឹកមួយខ្នង សាលាធម្មសភាពីឈើប្រក់ស្លឹកមួយខ្នង នៅក្នុងបរិវេណវត្តនេះ។ បន្ទាប់មក នៅឆ្នាំ១៧២៧-១៧៦៧ ព្រះចៅអធិការវត្តទី២ បានកសាងព្រះវិហារធ្វើពីឈើប្រក់ស្លឹក ១ខ្នង។ ចំណែកព្រះវិហារ ដែលឃើញបន្សល់ទុកដល់បច្ចុប្បន្ននេះ ត្រូវបានកសាងក្នុងទសវត្សន៍ឆ្នាំ១៩០០។ ព្រះវិហារនេះកសាងឡើងអំពីឥដ្ឋបូកបាយអ មានទ្វារនៅទិសខាងកើត២ និងខាងលិច២ បង្អួចចំនួន១០ សសរខាងក្រៅសរុបចំនួន២៨ និងសសរខាងក្នុងចំនួន១០ ជាទម្រង់ព្រះវិហារបុរាណដែលមានជហ្វា៤។ នៅខាងក្នុងព្រះវិហារ មានគំនូរបុរាណគូរនៅឆ្នាំ១៩០៣-១៩០៤ ដោយវិចិត្រករឈ្មោះ «ប៉ាល» និង «ជា»។

ព្រះវិហារនេះបានជួសជុល ចំនួន២លើករួចមកហើយ គឺនៅឆ្នាំ១៩៩៣ និងនៅឆ្នាំ២០១០ ដោយអ្នកបច្ចេកទេសក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលការជួសជុលផ្តោតសំខាន់លើគំនូរ និងដំបូល ដើម្បីការពារភ្លៀងតាមការសន្និដ្ឋាននៅឆ្នាំ១៩២៥ ប្រហែលមានការជួសជុលផ្លាស់ប្តូរហោជាង។

ដោយសារតែអាយុកាល និងគំនូរបុរាណនោះ វត្តនេះត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវចុះទៅសិក្សាស្វែងយល់អំពីព្រះវិហារនោះជាប្រចាំ ដែលការទស្សនានេះ ជាផ្នែកមួយក្នុងការលើកតម្លៃប្រវត្តិសាស្រ្ត និងវប្បធម៌របស់ខ្មែរយើង។ ចំពោះកិច្ចអភិរក្សវត្តនេះ គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានចុះទៅពិនិត្យ និងតាមដានពីការខូចខាត និងមានវិធានការទប់ស្កាត់ការខូចខាតដែលអាចប៉ះពាល់ដល់រចនាសម្ព័ន្ធ និងគំនូរបុរាណក្នុងព្រះវិហារនេះជាប្រចាំ។ បច្ចុប្បន្ន មន្រ្តីជំនាញក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងសិក្សាពីការងារជួសជុលគំនូរបុរាណ និងពង្រឹងរចនាសម្ព័ន្ធដំបូលព្រះវិហារនេះ នៅពេលខាងមុននេះ។

ការដឹកភ្ញៀវទេសចរដោយរទេះគោ ត្រូវបានអ្នកនាំពាក្យក្រសួងវប្បធម៌ លើកឡើងថា តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជាមានចំនួនច្រើន ដែលក្នុងនោះមានដូចជា រមណីយដ្ឋានប្រាសាទ តំបន់ប្រវត្តិសាស្រ្តផ្សារភ្ជាប់ជាមួយធម្មជាតិ និងវត្តបុរាណដែលមានបន្សល់ទុកនៅគំនូរបុរាណ និងប្រវត្តិសាស្រ្តផ្សេងៗ។ ការប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្សេងៗ ដើម្បីទៅទស្សនាតំបន់ទាំងនោះ គឺស្ថិតនៅតាមស្ថានភាពនៃតំបន់នីមួយៗ។

«ចំពោះការដឹកភ្ញៀវដោយរទេះគោ ទៅទស្សនាតំបន់វត្តនេះ គឺក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានការគាំទ្រដោយសារតែរទេះគោ គឺជាអត្តសញ្ញាណមួយរបស់ជាតិ ហើយភ្ញៀវទេសចរអន្តរជាតិ បានយល់ដឹងពីជីវភាពរបស់ប្រជាជនខ្មែរយើង នៅក្នុងតំបន់នោះថែមទៀតផង»។ នេះបើតាមលោក ស៊ុំ ម៉ាប់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: