ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្ត លើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់, សូមគ្រូពេទ្យជាសេនាទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន

BY
Naren
March 13, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្វើសកម្មភាពឱ្យមនុស្សបាត់បង់ជំនឿចិត្ត លើគ្រូពេទ្យជារឿងដ៏គ្រោះថ្នាក់, សូមគ្រូពេទ្យជាសេនាទេវតា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួន

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា ការធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល និងឈប់ទុកចិត្តពេទ្យជារឿងដ៏គ្រោះថ្នាក់ ដែលនាំឱ្យខូចដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ។

ជាមួយគ្នានេះ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តទុកចិត្តលើគ្រូពេទ្យខ្មែររបស់យើង ពិតណាស់គ្រូពេទ្យធ្វើជំនាញទេវតា មិនមែនទេវតាទេ មិនអាចព្យាបាលគ្រប់ជំងឺទាំងអស់ទេ ដូច្នេះហើយទើបជំងឺធ្ងន់ៗមួយចំនួន ត្រូវការពិនិត្យបញ្ជាក់នៅមន្ទីរពេទ្យពីរ ឬ៣កន្លែង ដើម្បីបញ្ជាក់ពីស្ថានភាពជំងឺឱ្យបានច្បាស់។

សម្តេចបានលើកករណីគ្រូពេទ្យម្នាក់នៃសមាជិកពេទ្យ TYDA ដែលពិនិត្យនៅកម្ពុជា ឃើញថាមានជំងឺមហារីក ពិនិត្យនៅប្រទេសថៃថាមានជំងឺមហារីក ទៅមើលនៅប្រទេសបារាំង ក៏ថាមានជំងឺមហារីក ប៉ុន្តែដល់ពេលទៅពិនិត្យនៅតៃវ៉ាន់ គ្រូពេទ្យថាអត់មានមហារីកទេ បន្ទាប់ពីទទួលបានការព្យាបាលដ៏ថ្នាំ ស្រាប់តែទៅពិនិត្យនៅបារាំងម្តងទៀត បញ្ជាក់ថាគ្មានមហារីកនោះទេ។ ដូច្នេះនេះជាឧទាហរណ៍ជាក់ស្តែងមួយ។

ការលើកឡើងរបស់សម្តេចធិបតីយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចថ្លែងយ៉ាងដូច្នេះថា «កុំឱ្យឃើញករណីជំងឺខ្លះ ដែលមិនបានល្អគ្រប់ស្តង់ដារនៅកន្លែងមួយ មិនថាពេទ្យរដ្ឋ ឬឯកជន វាយអួ ហើយធ្វើឱ្យមនុស្សឈប់ទុកចិត្តប្រព័ន្ធសុខាភិបាល ឈប់ទុកចិត្តពេទ្យរបស់យើង គឺកុំឱ្យសោះ ព្រោះនេះជាការវាយតម្លៃខុសនាំឱ្យខាតប្រយោជន៍ ព្រោះដូចខ្ញុំនិយាយអីចឹងពេទ្យយើងទូទាំងប្រទេស បានព្យាបាលប្រជាពលរដ្ឋរាប់សិបលាននាក់ រាប់ឆ្នាំមកនេះឱ្យជាសះស្បើយ រួមទាំងពេលកូវីដ១៩ […] សូមទុកចិត្តលើការអភិវឌ្ឍន៍ និងសមត្ថភាពពេទ្យរបស់យើង ហើយខ្ញុំសុំឱ្យពេទ្យរបស់យើងដែលជាសេនារបស់ទេវតា បន្តខិតខំយកចិត្តទុកដាក់ ទៅលើនៅការពង្រឹងនូវក្រមសីលធម៌ ពង្រីងនូវអាជីព និងជំនាញ និងការទទួលខុសត្រូវ»។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប្រជាពលរដ្ឋចង់បានតែសុខភាពល្អ អាយុយឺនយូរ ដែលយើងត្រូវដោះស្រាយភារកិច្ចតែពីរនេះបាន វិស័យសុខាភិបាលរបស់កម្ពុជា គឺជោគជ័យហើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រឹងប្រែងថែទាំសុខភាព ទោះបីមានមន្ទីរពេទ្យល្អ មានបណ្ណបេឡាជាតិរបបសន្តិសុខសង្គមក្តី តែកុំចង់ចូលពេទ្យធ្វើអ្វី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: