ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយ បើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់

BY
Naren
March 13, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត សុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយ បើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែមីនានេះ បានថ្លែងសុំចិត្តដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយធ្វើឱ្យស្បែកសទាំងអស់សូមគិតគូរដល់សុខភាពអ្នកប្រើប្រាស់ កុំដើម្បីតែភាពជោជ័យរបស់ខ្លួនបំផ្លាញអ្នកប្រើប្រាស់ ពោលគឺបើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «បងប្អូនដែលលក់ផលិតផលសូមគិតគូរពីបញ្ហាសុខភាពរបស់អ្នកប្រើប្រាស់ផង នេះជាការធ្វើបុណ្យ បើយើងមិនបានជួយអីគាត់ កុំយកបាបឱ្យគាត់ ផលិតផលយើងជោគជ័យតែទទួលខុសត្រូវ ហើយអ្នកប្រើសូមឱ្យមានការគិតគូរ ការអប់រំសុខភាព ព្រោះអត់ស្រួលទេ»។

សម្តេចលើកឡើងយ៉ាងដូច្នេះ ដោយសារតែកន្លងមក ធ្លាប់មានកូនទាហានម្នាក់ត្រូវបាននាំទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់ ដោយសារការលាបឡេធ្វើឱ្យស្បែកសលឿន។

ជាមួយគ្នានេះ សម្តេចធិបតី បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផល ដូចជាឡេ ថ្នាំសម្រកគីឡូជាដើម សូមប្រើប្រាស់ផលិតផលដោយប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីជៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ និងសូមយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នា៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: