ព័ត៌មានជាតិ

ប្រហិតចម្រុះខូចគុណភាពជិត៨០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីថៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាន នៅស្រុកថ្មពួក

BY
Naren
March 13, 2024
ប្រហិតចម្រុះខូចគុណភាពជិត៨០០គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីថៃ ត្រូវសមត្ថកិច្ចបង្រ្កាបបាន នៅស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ ប្រហិតចម្រុះខូចគុណភាពចំនួន៧៨៣គីឡូក្រាម ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ត្រូវបានសមត្ថកិច្ចចចម្រុះខេត្តបន្ទាយមានជ័យ បង្ក្រាបបាននៅម៉ោង៦ល្ងាចយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតក្នុងភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក រស់ អៀម នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ការចុះបង្ក្រាបទំនិញប្រភេទប្រហិតចម្រុះនេះ ទទួលតាមបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងបានសហការជាមួយកម្លាំងផ្សេងៗ ក្រោមការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។

មន្ត្រីជំនាញបានបញ្ជាក់ថា «ប្រហិតចម្រុះទម្ងន់៧៨៣គីឡូក្រាមនេះ បានដឹកតាមរថយន្តម៉ាកតូយ៉ូតាកាមរី Toyota Camry ចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 អ្នកបើករថយន្តមានឈ្មោះ ម៉ៅ ម៉េត អាយុ៥៣ឆ្នាំ ពីប្រទេសថៃ មកកម្ពុជា ក្នុងរថយន្តមានផលិតផលប្រហិតចម្រុះប្រភេទ ១ប្រហិតចម្រុះ រុំថង់បិទស្កុត ចំនួន៦២៦គីឡូក្រាម ២សាច់មាន់ និងចុងស្លាបមាន់ ចំនួន១២៨គីឡូក្រាម ៣សាច់ជ្រូកចង្កាក់ ចំនួន២៩គីឡូក្រាម ផលិតផលប្រហិតចំរុះនេះ នាំចូលដោយគ្មានលិខិត ឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃ ក្នុងភូមិសាស្ត្រស្រុកថ្មពួក»។

លោកវរសេនីយ៍ឯក រស់ អៀម បានបន្តថា វត្ថុតាងល្មើសខុសច្បាប់១ នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញ ក.ប.ប ក៏ដូចជាជំនាញកសិកម្ម និងទី២ ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស៣ មិនរក្សាវាក្នុងកន្លែង ឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ផលិតផលទាំងអស់នេះវាខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទិញយកទៅហូប។

លោកបានបញ្ជាក់ថា សមត្ថកិច្ចបង្ក្រាប និងយកទៅដុតបំផ្លាញចោលដោយគ្មានការយោគយល់ឡើយ។ រីឯមធ្យោបាយដឹកជញ្ជូន និងជនសង្ស័យម្ចាស់អ្នកបើករថយន្ត ត្រូវបានឃាត់ខ្លួនប្រគល់ជូនអយ្យការអមសាលាដំបូងខេត្ត ដើម្បីធ្វើទៅតាមនីតិវិធី។

លុះនៅវេលាម៉ោង ៣នាទីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ប្រហិតខូចគុណភាពចម្រុះទាំង៧៨៣គីឡូក្រាម ត្រូវសមត្ថកិច្ចចម្រុះយកមកដុតកម្ទេចចោល នៅបរិវេណដីឡូតិ៍១កន្លែង ស្ថិតក្នុងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: