ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖ ដុតសំរាមបង្កជាអគ្គិភ័យឆាបឆេះផ្ទះ២ខ្នង នៅខណ្ឌសែនសុខ, នគរបាលប្រើប្រាស់រថយន្ត១៩គ្រឿង ទើបគ្រប់គ្រងបាន

BY
Naren
March 13, 2024
ព័ត៌មានលម្អិត៖ ដុតសំរាមបង្កជាអគ្គិភ័យឆាបឆេះផ្ទះ២ខ្នង នៅខណ្ឌសែនសុខ, នគរបាលប្រើប្រាស់រថយន្ត១៩គ្រឿង ទើបគ្រប់គ្រងបាន

(ភ្នំពេញ)៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យខូចខាតអស់ផ្ទះ២ខ្នងទាំងស្រុង និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយ អន្តរាគមន៍បាញ់ទឹកពន្លត់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖២០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការ នៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់១៥ឡាន, រថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តក្រុមហ៊ុន OCIC ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន។ ចំពោះករណីអគ្គិភ័យនេះ ត្រូវបានរលត់ទៅវិញ នៅវេលាម៉ោង២៖៣០នាទីយប់រំលងអាធ្រាតនាថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបណ្តាលមកពីការដុតសម្រាមបង្ករជាអគ្គិភ័យ។ ដោយនៅក្នុងនោះ មិនមានអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះឡើយ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានអំពាវនាវដល់ប្រជាពរលដ្ឋទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ ដោយសារតែមួយរយៈនេះ អាកាសធាតុមានការក្តៅខ្លាំង ដូច្នេះសូមប្រជាពលរដ្ឋ មុននឹងធ្វើដំណើរចាកចេញពីលំដ្ឋានទៅកាន់តំបន់កំសាន្ត និងទៅកន្លែងធ្វើការក្តីត្រូវធ្វើការបិទនៅប្រព័ន្ធភ្លើងឲ្យបានត្រឹមត្រូវ មុននឹងធ្វើការចាកចេញពីលំនៅដ្ឋាន៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: