ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនពលរដ្ឋ, ឯកសារអាចចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចចាំបានឡើយ

BY
Naren
March 13, 2024
សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនពលរដ្ឋ, ឯកសារអាចចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចចាំបានឡើយ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីគម្រោងពង្រីកសេវាសុខាភិបាលធំៗទៅដល់មន្ទីរពេទ្យនៅតាមមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺធ្ងន់ៗជូនអ្នកជំងឺឱ្យបានលឿន ដោយសម្ដេចលើកឡើងថា ឯកសារអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចរង់ចាំបានឡើយ ដូច្នេះរាជរដ្ឋាភិបាលនឹងបន្តធ្វើវិមជ្ឈការសេវាព្យាបាលជំងឺធ្ងន់ៗឱ្យកាន់តែកៀកប្រជាពលរដ្ឋ សង្គ្រោះជីវិតមនុស្សឱ្យបានលឿនទាន់ពេល។

ការថ្លែងបែបនេះរបស់សម្ដេចធិបតី គឺក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតីបានឱ្យដឹងថា សេវាសុខាភិបាល ត្រូវធ្វើឱ្យលឿនជូនប្រជាពលរដ្ឋ ត្រូវបង្កើនការទទួលខុសត្រូវចំពោះប្រជាពលរដ្ឋ រុញទៅដល់មូលដ្ឋាន តាមរយៈការបង្កើតប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្តជាដើម ហើយឥឡូវនិងតទៅនេះ យើងត្រូវបង្កើនគុណភាពបន្ថែមទៀត។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «សេវាសុខាភិបាលកម្រិតខ្ពស់ ការវះកាត់ ព្យាបាលជំងឺបេះដូង កន្លងមកប្រមូលផ្ដុះនៅភ្នំពេញច្រើន តែថ្ងៃក្រោយអាចពង្រីកវិមជ្ឈការទៅកាន់មូលដ្ឋាន បង្កើនគុណភាពបម្រើជូនប្រជាពលរដ្ឋ….ឯកសារអាចចាំបាន តែជីវិតមនុស្ស»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្រូពេទ្យមិនមែនជាទេវតានោះទេ តែគ្រូពេទ្យធ្វើការងាររបស់ទេវតា គឺជួយព្យាបាលមនុស្សដែលឈឺ ដែលមានជំងឺ ឱ្យជាសះស្បើយ តែមិនបាន១០០ភាគរយ ឬគ្រប់មនុស្សទាំងអស់នោះទេ។ ដើម្បីឱ្យពេទ្យធ្វើកិច្ចការទេវតាឱ្យបាន ក៏ត្រូវមានគ្រឿងបំពាក់បរិក្ខារ ទាមទារពង្រឹងមន្ទីរពេទ្យ និងគុណភាពគ្រូពេទ្យគ្រប់ថ្នាក់។ រាជរដ្ឋាភិបាលក៏កំពុងទម្លាក់ថវិកាទិញថ្នាំដែលប្រជាពលរដ្ឋត្រូវការ ដូចជាថ្នាលើសឈាម និងទឹកនោមផ្អែម។

សម្ដេចធិបតីក៏បានលើកឡើងពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ និងណែនាំឱ្យក្រុមគ្រូពេទ្រទាំងអស់បង្កើនគុណភាពក្នុងព្យាបាលជំងឺ និងពន្លឿនការព្យាបាលឱ្យបានឆាប់ កុំអែអង់ពន្យារពេល ត្រូវចាត់ទុកការសង្គ្រោះជីវិតមនុស្សជាការចាំបាច់៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: