ព័ត៌មានជាតិ

ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោក និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន

BY
Naren
March 13, 2024
ព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោក និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន

(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មានអំពីការសម្រេចចោទប្រកាន់ ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ពាក់ព័ន្ធបទឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) និងមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបា​ន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ​ ឡេង ចាន់ណា និងបក្ខពួកត្រូវបានអយ្យអមសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣ករណី៖ ១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង) ២-មិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរ និង ៣-សម្អាតប្រាក់។

សូមជម្រាបថា ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីលានស៉ីធីវើលដ៍» និងបក្ខពួក២នាក់ទៀត ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួករបស់ខ្លួន ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ តែទីបំផុតអ្នកខ្លះបានការស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកនិវិយោគជាមួយ ដែលរហូតពេលនេះត្រូវសងធនាគារវិញយ៉ាងលំបាក។​

ប្រជាពលរដ្ឋរងគ្រោះបានធ្វើការតវ៉ាជាច្រើនខែមកហើយ ចំពោះអំពើឆបោកដ៏ធំមួយនេះ ប៉ុន្តែកន្លងទៅបើទោះបីមានការសម្របសម្រួលពីអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធ ក៏មិនទទួលបានលទ្ធផលនោះទេ។ នៅទំបំផុត កម្លាំងនគរបាលខេត្តសៀមរាប បានអនុវត្តដីការបស់តំណាងអយ្យការ ក៏សម្រេចធ្វើការឃាត់ខ្លួន ឧកញ៉ារូបនេះតែម្តង។ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: