ព័ត៌មានជាតិ

តុលាការខេត្ដសៀមរាប សម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀតដាក់ពន្ធនាគារ ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់លានដុល្លារ

BY
Naren
March 13, 2024
តុលាការខេត្ដសៀមរាប សម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀតដាក់ពន្ធនាគារ ពាក់ព័ន្ធករណីឆបោកលុយពលរដ្ឋរាប់លានដុល្លារ

(សៀមរាប)៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​បានសម្រេចឃុំខ្លួនឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក២នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារ។ នេះបើតាមសេចក្ដីថ្លែងការណ៍ របស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំ ឈ្មោះ ផុន សាមាន ភេទប្រុស អាយុ ៣១ឆ្នាំ និងឈ្មោះ ចាន់ ឃីន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការចាត់តាំង)» តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ពិនិត្យភស្តុតាងក្នុងសំណុំរឿង ព្រមទាំងពិចារណាអង្គហេតុ និងអង្គច្បាប់គ្រប់ជ្រុងជ្រោយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង ០៣នាក់ខាងលើជាបណ្តោះអាសន្ន និងបានបញ្ជូនទៅពន្ធនាគារខេត្តសៀមរាប ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប សូមបញ្ជាក់ជូនបន្ថែមថា សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឲ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន។

សាលាដំបូងខេត្តសៀមរាប នឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ក្រោយទៀត នៅពេលមានចំណាត់ការថ្មី៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: