ព័ត៌មានអន្តរជាតិ

OpenAI គ្រោងដាក់ឱ្យប្រើប្រាស់គំរូ AI ថ្មីនៅចុងឆ្នាំនេះ ជាមួយនឹងមុខងារបង្កើតវីដេអូ

BY
Khmerpress
March 14, 2024
OpenAI គ្រោងដាក់ឱ្យប្រើប្រាស់គំរូ AI ថ្មីនៅចុងឆ្នាំនេះ ជាមួយនឹងមុខងារបង្កើតវីដេអូ

(បរទេស)៖ ដូចដែរប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ OpenAI បានបង្ហាញបានបង្ហាញសមិទ្ធផលថ្មីមួយដែលមានឈ្មោះថា Sora ដែលជា AI ថ្មីរបស់ខ្លួន វាមានសមត្ថភាពអាចបង្កើតវីដេអូបាន ដោយគ្រាន់តែបញ្ចូលអត្ថបទ និងសាច់រឿងដែលយើងចង់បង្កើតបណ្ណោះ។ ខណៈបច្ចេកវិទ្យា AI ថ្មីនេះ ត្រូវបានគេរាយការណ៍មកថា OpenAI ជិតបញ្ចប់ការផលិតនោះហើយ ដោយពេលនេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងពីអ្នកជំនាញ និងវាយតម្លៃគំរូសម្រាប់ហានិភ័យណាមួយដែលអាចកើតមាន ហើយអាចនឹងរួចរាល់បញ្ចេញជាសាធារណៈនៅចុងឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

តាមរយៈបទសម្ភាសន៍មួយដោយប្រធានផ្នែកបច្ចេកវិទ្យារបស់ OpenAI គឺលោកស្រី Mira Murati បានបង្ហើបឱ្យដឹងថា «វានៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ- Sora នឹងត្រូវបានចេញផ្សាយនៅចុងឆ្នាំនេះ។ តាមពិតទៅដំណើរការផលិត Sora វាជិតរួចរាល់ហើយ បើតាមការរំពឹងទុកអាច «ក្នុងរយៈពេលពីរទៅខែទៀតប៉ុណ្ណោះ» ពោលគឺវាអាចនឹងចេញមកលឿនជាងការរំពឹងទុក ត្រឹមពាក់កណ្តាលឆ្នាំនេះក៏ថាបាន»។

ជាការពិតណាស់ OpenAI បានបញ្ជាក់ថា Sora ជំនាន់ដំបូងនេះវាមានសមត្ថភាពអាចបង្កើតវីដេអូបាន តាមរយៈការ Generate ពី អត្ថបទ ទៅជាវីដេអូ ដោយកំណត់រយៈពេលយូរបំផុតត្រឹម ១នាទី។ ជាងនេះទៅទៀតវាមានសមត្ថភាពអាចបង្កើតឈុតឆាកស្មុគ្រស្មាញ ជាមួយនឹងតួអង្គជាច្រើននាក់ រូមទាំងអាចធ្វើឱ្យវីដេអូមានចលនា និងផ្តល់ជូននូវគុណភាពវីដេអូច្បាស់ល្អថែមទៀតផង។

គួរជម្រាបដែរថា ក្រុមហ៊ុន OpenAI បានធ្វើការឆ្លើយតបទៅនឹងការព្រួយបារម្មណ៍អំពីការប្រើប្រាស់ AI ដោយតែងតែមានការលើកឡើងជុំវិញកង្វល់អសន្តិសុខជាតិ ក្រុមហ៊ុនក៏បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីខែកុម្ភៈដែលថា រាល់គ្រប់វីដេអូដែលបង្កើតឡើងដោយ Sora យើងនឹងមានភ្ជាប់មកជាមួយនឹងនូវ watermark ដើម្បីសម្គាល់ថាជាវីដេអូបង្កើតដោយបញ្ញាសិប្បនិម្មិត (AI)។ មិនត្រឹមតែប៉ុណ្ណោះឥឡូវនេះយើងក៏កំពុងបង្រៀន AI ឱ្យយល់កាន់តែស៊ីជម្រៅនូវអត្ថបទដែលបានបញ្ចូល និងបង្កើតទៅជាវីដេអូ ដែលអ្នកប្រើប្រាស់ចង់បាននោះដែរ ដើម្បីធានាបានថា គ្រប់អ្វីដែលអ្នកប្រើប្រាស់ត្រូវការនឹងមានដោយផ្អែកលើគំរូម៉ាស៊ីន AI ដ៏ធំ (Dall-E) របស់ក្រុមហ៊ុនផ្ទាល់តែម្តង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: