ព័ត៌មានអន្តរជាតិ

អាមេរិកគំ-រាមឱ្យក្រុមហ៊ុនចិន ByteDance លក់ភាគហ៊ុន TikTok ប្រសិនបើមិនចង់ឱ្យកម្មវិធីនេះត្រូវបិទលែងឱ្យប្រើទាំងស្រុងនៅអាមេរិក

BY
Khmerpress
March 14, 2024
អាមេរិកគំ-រាមឱ្យក្រុមហ៊ុនចិន ByteDance លក់ភាគហ៊ុន TikTok ប្រសិនបើមិនចង់ឱ្យកម្មវិធីនេះត្រូវបិទលែងឱ្យប្រើទាំងស្រុងនៅអាមេរិក

(បរទេស)៖ នៅថ្ងៃពុធសប្តាហ៍នេះ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ដែលអាចបណ្តាលឱ្យមានការហាមឃាត់ទូទាំងប្រទេសនៅលើកម្មវិធីវីដេអូដ៏ពេញនិយម TikTok ប្រសិនមេធំជនជាតិចិនរបស់ខ្លួនគឺ ByteDance មិនព្រមលក់ភាគហ៊ុន។ ខណៈដែលសមាជិកសភាបានធ្វើសកម្មភាពលើការព្រួយបារម្ភថារចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុនចិនបច្ចុប្បន្ន គឺជាការគំរាមកំហែងសន្តិសុខជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយសំឡេងភាគច្រើន 352-65 (៣៥២ គាំទ្រ ទល់ ៦៥ប្រឆាំ) នៅក្នុងការបោះឆ្នោតទ្វេភាគី ប៉ុន្តែសេចក្តីព្រាងច្បាប់នេះនៅតែប្រឈមនឹងលទ្ធផលមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ព្រោះសមាជិកសភាខ្លះនិយាយថាពួកគេចង់ផ្លាស់ប្តូរច្បាប់។ ជាងនេះទៅទៀតប្រភពបានលើកឡើងថា អនាគតនៃសេចក្តីព្រាងច្បាប់នេះនៅក្នុងព្រឹទ្ធសភានៅតែមិនប្រាកដប្រជា ព្រោះមេដឹកនាំភាគច្រើននៃព្រឹទ្ធសភាជាពិសេស លោក Chuck Schumer មិនទាន់បានប្តេជ្ញាចិត្តក្នុងការនាំយកវាទៅក្នុងការបោះឆ្នោតនៅឡើយនោះទេ។

ជុំវិញបញ្ហានេះសមាជិកសភាបានអះអាងថា ByteDance ជាកម្មសិទ្ធរបស់រដ្ឋាភិបាលចិន ហើយរដ្ឋាភិបាលចិនអាចទាមទាការចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកបានគ្រប់ពេលវេលានៅពេលណាដែលខ្លួនចង់បាន។ ការព្រួយបារម្ភនេះកើតចេញពីសំណុំនៃច្បាប់សន្តិសុខជាតិរបស់ប្រទេសចិន ដែលបង្ខំអង្គការនានាឱ្យជួយក្នុងការប្រមូលព័ត៌មានសម្ងាត់។

គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ឱ្យ ByteDance មានរយៈពេល១៦៥ថ្ងៃ ដើម្បីពិចារណាលក់ភាគហ៊ុន TikTok ទៅឱ្យអាមេរិក។ ប្រសិនបើបរាជ័យក្នុងការធ្វើដូច្នេះ គឺបានន័យថា នៅលើApple App Store ឬ Google Play Store ផ្សេងៗទៀត នៅទូទាំងអាមេរិក នឹងមិនមានកម្មវិធី TikTok ទៀតឡើយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: