ព័ត៌មានអន្តរជាតិ

Foxconn រំពឹងថាប្រាក់ចំណូលឆ្នាំ២០២៤កើនឡើងខ្លាំង ស្របពេលតម្រូវការម៉ាស៊ីនមេ AI កើនឡើង

BY
Khmerpress
March 15, 2024
Foxconn រំពឹងថាប្រាក់ចំណូលឆ្នាំ២០២៤កើនឡើងខ្លាំង ស្របពេលតម្រូវការម៉ាស៊ីនមេ AI កើនឡើង

(បរទេស)៖ ដៃគូផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple គឺ Foxconn បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍នេះ ពីការរំពឹងទុកខ្ពស់ថា ប្រាក់ចំណូលរបស់ខ្លួនក្នុងឆ្នាំ២០២៤នឹងកើនឡើង។ ការរំពឹងទុកប្រកបដោយភាពជឿជាក់នេះ បន្ទាប់ពី Foxconn ទើបតែបង្ហាញរបាយការណ៍ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានលើសពីការរំពឹងទុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

ទស្សនវិស័យរបស់ក្រុមហ៊ុនតៃវ៉ាន់មួយនេះ ត្រូវបានគេមើលឃើញថា កាន់តែរឹងមាំចាប់តាំងពីប្រធានក្រុមហ៊ុន Foxconn លោក Young Liu បាននិយាយកាលពីខែវិច្ឆិកាថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានការរំពឹងទុក ក៏ដូចជាប្តេជ្ញាពីការអភិរក្សនិយម និងអព្យាក្រឹត សម្រាប់ឆ្នាំ២០២៤។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ប្រាក់ចំណេញសុទ្ធពីខែតុលា ដល់ខែធ្នូ បានកើនឡើង ៣៣% ដល់ ១.៦៩ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កត្តានេះ ដោយសារតម្រូវការដ៏ខ្លាំងខ្លា សម្រាប់ម៉ាស៊ីនមេ AI និងការលក់ដាច់បំផុតនូវផលិតផលរបស់ខ្លួនអំឡុងពេលរដូវកាលវិស្សមកាលចុងឆ្នាំ។

គួរជម្រាបថា ប្រាក់ចំណេញរបស់ Foxconn នៅក្នុងត្រីមាសទី៤នេះ គឺបានមកពីចំណូលគ្រឿងអេឡិចត្រូនិចក្នុងនោះ រួមទាំងស្មាតហ្វូនមានចំណែក ៥៨% នៃប្រាក់ចំណូល ខណៈដែលផលិតផល cloud និង servers បានចូលរួមចំណែក ២០%។ ដូច្នេះធ្វើឲ្យក្រុមហ៊ុននេះ មានក្តីរំពឹងទុកខ្ពស់ ថានឹងទទួលបានប្រាក់ចំណូលច្រើននៅត្រីមាសទី១ ឆ្នាំ២០២៤នេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: