ព័ត៌មានជាតិ

ជាង២ខែដើមឆ្នាំ២០២៤ ខេត្តព្រៃវែង បាននាំស្រូវទៅលក់នៅវៀតណាម ជាង៨សែនតោន មានថវិកាជាង ២៥០លានដុល្លារ

BY
Khmerpress
March 15, 2024
ជាង២ខែដើមឆ្នាំ២០២៤ ខេត្តព្រៃវែង បាននាំស្រូវទៅលក់នៅវៀតណាម ជាង៨សែនតោន មានថវិកាជាង ២៥០លានដុល្លារ

(ព្រៃវែង)៖ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ ថា បរិមាណស្រូវនាំចេញក្រៅផ្លូវការទៅប្រទេសវៀតណាម ដើមឆ្នាំ២០២៤ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សរុបមានចំនួន៨៤១,៦៨៧តោន (រួមទាំងស្រូវឆ្លងកាត់) ដែលចំណូលសរុបមានចំនួន ២៥៥,៩០៩,៥៩៧ដុល្លារ។

ចំណែកតម្លៃស្រូវសើម ជាមធ្យម៖ ស្រូវ IR504-04 តម្លៃ ១,០៧០រៀលគីឡូក្រាម ស្រូវ OM5451 តម្លៃ ១,០៧០រៀលគីឡូក្រាម។ ដោយឡែក ក្នុងសប្តាហ៍នេះ ផ្លូវនាំចេញទៅលក់នៅប្រទេសវៀតណាមសរុបមានចំនួន ១១៣,៣៧២តោន ចំណូលសរុប ៣២,៩៤០,៦៦៧ដុល្លារ។

លោក អ៊ុក សំណាង បានបន្តថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤) បញ្ចប់ការដាំដុះ អនុវត្តបានលើផ្ទៃដីព្រោះសរុប ១៥៧,១៤១ហិកតា (ស្ទូងគ្មាន)ស្មើនឹង២០៩,៥២% នៃផែនការ ៧៥,០០០ហិកតា ក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា៦៦,១៩១ហិកតា ស្មើនឹង៤២,១២% នៃផ្ទៃដីអនុវត្តបានសរុប ១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុនខ្ពស់ជាង ៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប ១២៥,៤៧៦ហិកតា ស្មើនឹង ៧៩,៨៥% នៃផ្ទៃដីអនុវត្តបានសរុប ១៥៧,១៤១ហិកតា បរិមាណផលសរុប ៦០៧,៦៧៩តោន។

លោកបានបន្ថែមថា ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប ១,៤៩៥ហិកតាស្មើនឹង ១៨៩,៤% នៃផែនការ ៧៩០ហិកតា។ ប្រមូលផលសរុប ៦៩៥ហិកតា បរិមាណផលសរុប ១០,៤៣១តោន ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្តែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៣ ២៦៤ហិកតា ស្មើនឹង៦៣,៩៤% នៃផែនការ ៥,១០៥ហិកតា។ ប្រមូលផលសរុប ១៧៥ហិកតា បរិមាណផលសរុប ១,០៩០តោន។

សូមបញ្ជាក់ថា ខេត្ដព្រៃវែង នៅឆ្នាំ២០២៣ ជាប់ចំណាត់ថ្នាក់លេខ២ ក្នុងការផលិតដំណាំស្រូវ ហើយលេខ១ បានទៅលើខេត្តបាត់ដំបង៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: