ព័ត៌មានជាតិ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញមកបញ្ជាក់អំពីលិខិតតវ៉ារបស់ឧត្តមសេនីយ៍ឯក យិន គារ ដែលត្រូវបានទម្លាក់ស័ក្ដិមកថ្នាក់ទាបបំផុត ក្រោយពិនិត្យឃើញសារធាតុញៀន, ឧបនាយករដ្ឋមន្ដ្រី ស សុខា ឯកភាពឲ្យពិនិត្យឡើងវិញ

BY
Khmerpress
March 16, 2024
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ចេញមកបញ្ជាក់អំពីលិខិតតវ៉ារបស់ឧត្តមសេនីយ៍ឯក យិន គារ ដែលត្រូវបានទម្លាក់ស័ក្ដិមកថ្នាក់ទាបបំផុត ក្រោយពិនិត្យឃើញសារធាតុញៀន, ឧបនាយករដ្ឋមន្ដ្រី ស សុខា ឯកភាពឲ្យពិនិត្យឡើងវិញ

(ភ្នំពេញ)៖ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាពឲ្យពិនិត្យឡើងវិញ ករណីទម្លាក់ស័ក្ដិលោកឧត្តមសេនីយ៍ឯក យិន គារ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មកថ្នាក់ទាបបំផុត គឺពលបាលត្រី តាមសំណើរបស់សាមីខ្លួន ក្រោយមន្រ្តីនគរបាលរូបនេះ ត្រូវបានរកឃើញសារធាតុញៀន ពេលធ្វើតេស្ត។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ករណីទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ មកថ្នាក់ទាបបំផុតក្នុងជួរនគរបាលនោះ សាមីខ្លួនបានដាក់លិខិតគោរស្នើសុំ ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីធ្វើការពិនិត្យរកសារធាតុញៀនរបស់លោកឡើងវិញ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដើមចមនៃការទម្លាក់ស័ក្ដិរបស់លោកឧត្តមសេនីយ៍ឯក យិន គារ ផ្ដើមចេញពីការពិនិត្យរកសារធាតុញៀនហើយរកឃើញវិជ្ជមាន ខណៈសាមីខ្លួនបានអះអាង តាមលិខិតដែលស្នើទៅកាន់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ខ្លួនមិនបានជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនឡើយ ពោលនៅថ្ងៃពិនិត្យបានពឹងឲ្យគេជួយបិទលេខកូដ លើឧបករណ៍ពិនិត្យទឹកនោមរបស់ខ្លួន ហើយពេលនោះរូបលោកបានចូលបន្ទប់ធ្វើការវិញ ដោយមិនបានឃើញលទ្ធផលនោះទេ។

យ៉ាងណាមិញ តាមរយៈលិខិតស្នើសុំនេះ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានចារឯកភាពឲ្យធ្វើការពិនិត្យឡើងវិញ ដោយបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលជាអង្គភាពសាមី។ ដោយឡែក សម្រាប់លទ្ធផលយ៉ាងណានោះ នឹងធ្វើការពិនិត្យសម្រេចក្រោយ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: