ព័ត៌មានជាតិ

សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដី ទាក់ទិនករណីឆបោកលើវិនិយោគគិនជប៉ុនរឿងទិញដីធ្លីនៅខេត្តកំពង់ស្ពឺ

BY
Khmerpress
March 16, 2024
សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះក្ដី ទាក់ទិនករណីឆបោកលើវិនិយោគគិនជប៉ុនរឿងទិញដីធ្លីនៅខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖ សំណុំរឿងឆបោកអ្នកវិនិយោគជប៉ុន រឿងទិញលក់ដីធ្លីនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះកាលពីសប្ដាហ៍កន្លងទៅ ហើយនឹងប្រកាសសាលក្រមនៅចុងខែមីនា ខាងមុខនេះ។

តាមដំណើររឿងនៃបទល្មើសឆបោកនេះ គឺតាំងពីឆ្នាំ២០១២ អ្នកវិនិយោគជនជាតិជប៉ុន បានទិញដីចំនួន៣២៨ហិកតា នៅភូមិអញ្ញាសេះ និងភូមិត្រពាំងខ្លុង ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ពីលោកស្រី ថោង សុខខេង តាមរយៈការដឹកនាំបញ្ចុះបញ្ចូលដោយ លោក ប៉ែន សេរីមុន្នី ជាមន្រ្តីយោធា។ ដោយមានការទួលស្គាល់ពីអាជ្ញាធរ ភូមិ ឃុំ និងស្រុក ព្រមទាំងមានមេធាវី និងសាក្សីគ្រប់គ្រាន់ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ដី៣ច្បាប់ និងបានប្រគល់ប្រាក់គ្រប់ចំនួនទៅឲ្យលោកស្រី ថោង សុខខេង ទៅតាមដំណាក់កាលនៃកិច្ចសន្យាយ៉ាងពិតប្រាកដ។

ជាអកុសល បន្ទាប់ពីបានទិញដី និងជួលដីទៅឲ្យលោកស្រី ថោង សុខខេង វិញដើម្បីធ្វើចំការដាំដុះអំពៅជាលក្ខណៈឧស្សាហកម្ម រយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី ថោង សុខខេង និងបក្ខពួកមិនព្រមប្រគល់ដីមកឲ្យលោកវិញទេ ជាហេតុដែលលោក បានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់នគរបាលយុត្តិធ៌មរហូតឈានដល់ការចាប់ខ្លួនតាមដីការបញ្ជារបស់ព្រះរាជអាជ្ញា និងត្រូវបានចៅក្រមស៊ើបសួរសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្ន នៅមណ្ឌលអប់រំកែប្រែ «ម២» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ និងបានធ្វើការជំនុំជម្រះ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលនឹងត្រូវប្រកាសជាសាធារណៈ នៅចុងខែមីនានេះ។

បើតាមការស្រាយបំភ្លឺពីជនរងគ្រោះ និងជាដើមបណ្ដឹងជនជាតិជប៉ុន បានបកស្រាយថា លោកស្រី ថោង សុខខេង និងបក្ខពួកខាងលើ រួមទាំងបុគ្គលពាក់ព័ន្ធផ្សេងទៀត បានធ្វើការរារាំង និងរំខានគ្រប់រូបភាពលើគំរោង វិនិយោគរបស់លោកនាពេលកន្លងមក។

ជាក់ស្តែង បង្គោលព្រំដីរបស់លោកត្រូវបានរងការបំផ្លិចបំផ្លាញទាំងស្រុងនៅឆ្នាំ២០២០។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលចុះវាស់វែង រកបង្គោលព្រំដីម្តងទៀត អ្នកតំណាងរបស់ម្ចាស់ដី ត្រូវបាន ក្រុមខាងលើដាក់ពាក្យប្តឹងពី បទព្រហ្មទណ្ឌ ដោយចោទថា ក្រុមលោកបានចូលបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិរបស់ពួកគេទៅវិញ។

អ្វីដែលគួរឲ្យតក់ស្លុត ជាងនេះទៅទៀតនោះ កសិដ្ឋានចិញ្ចឹមមាន់ចំនួន១៦រោង មានតំលៃសរុបជាងកន្លះលានដុល្លា ដែលរងការរំខាន មិនបានដំណើរការស្រាប់ទៅហើយនោះ ត្រូវរងការដុតបំផ្លាញទាំងស្រុង ពីជនមិនស្គាល់មុខទាំងកណ្តាលថ្ងៃត្រង់កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ថ្មីៗនេះ មុនការជំនំជំរះ លើករណីលោកស្រី ថោង សុខខេង តែប្រមាណជា ១សប្តាហ៍តែប៉ុណ្ណោះ។

បច្ចុប្បន្នអ្នកវិនិយោគជនជាតិជប៉ុន (សញ្ជាតិខ្មែរ) បាននិងកំពង់រងភាពអយុត្តិធម៌ ពីការឆបោក ដីចំនួន៣២៨ហិចតា ពីលោកស្រី ថោង សុខខេង និងបក្ខពួកមួយករណី ពីការរំលោភបំពានកាន់កាប់ដី ដោយហិង្សាលើដី ចំនួន១១៧ហិចតា ពីសំណាក់ក្រុមរបស់លោកឧត្តមសេនីយ៍ទោម្នាក់នៅអគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ និងបក្សពួកជាច្រើននាក់ទៀត។

ដោយឡែក អ្នកតំណាងរបស់លោកម្នាក់ជាជនជតិខ្មែរកំពង់ រងគ្រោះដោយ បណ្តឹងព្រហ្មទណ្ឌសំណុំរឿង លេខ១៣៧១ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាដំបូងខេត្តកំពង់ស្ពឺពីក្រុមអ្នកមករំលោភបំពានទៅវិញ។

ក្រៅពីនេះជនរងគ្រោះជាអ្នកវិនិយោគខាងលើ បានខាតបង់ពេលវេលាដើមទុន និងឱកាសវិនិយោគយ៉ាងច្រើនសន្ធឹក សណ្ធាប់លើវិស័យកសិឧស្សាហកម្ម សេវាកម្ម វិស័យអប់រំ និងបាត់ឧកាសក្នុងការទាក់ទាញ វិនិយោគិនជនជាតិជប៉ុនផ្សេងទៀត មកបណ្តាក់ទុនរកស៊ី នៅកម្ពុជាទៀតផង។

អ្នកវិនិយោគជនជាតិជប៉ុន និងអ្នកតំណាងរបស់លោក សូមសំណូមពរគោរពជួនស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ស្ពឺ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាជួយផ្តល់យុត្តិធ៌មដល់រូបលោក និងសហការរីផង ដើម្បីរូបលោកមានឱកាសចូលរួមចំណែកអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិស័យឯកជនជាបន្តទៀត៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: