ព័ត៌មានជាតិ

សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥

BY
Khmerpress
March 16, 2024
សមាគមឧកញ៉ាកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់ ដែលស្ថិតក្នុងករណីចំនួន៥

(ភ្នំពេញ)៖ សមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ការបញ្ចប់គោរមងារ «ឧកញ៉ា» ពីគោរមវន្តណាម្នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សមាគមឧកញ៉ាកម្ពុជា បានឲ្យដឹងថា យោងតាមមាត្រា១៩ នៃព្រះរាជក្រឹត្យលេខ នស/រកត/១០២៣/២២៥០ ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីពីគោរមងារឧកញ៉ា បានបញ្ញត្តិពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងភាពជាតំណាងគោរមវន្តទាំងអស់ នៅព្រះរាជណាចក្រកម្ពុជា និងភាពជាដៃគូរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ សមាគមឧកញ៉ាកម្ពុជា ក៏ជាសមាជិកគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) ដែលគណៈកម្មការនេះ នឹងត្រូវរៀបចំអនុក្រឹត្យស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំ និងវាយតម្លៃក្នុងការផ្តល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា ផងដែរ។

យោងតាមមាត្រា២២ នៃព្រះរាជក្រឹត្យដដែលបានបញ្ញត្តិថា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និង ឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ ប្រកបមុខរបរស្របច្បាប់ និងចៀសវាងសកម្មភាពណាដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា។

ជាមួយគ្នានោះដែរមាត្រា២៣ បានបញ្ញត្តិ ពីការបញ្ចប់គោរមងារឧកញ៉ា ដែលស្ថិតក្នុងករណីណាមួយដូចខាងក្រោម៖
* គោរមវន្តសុំលាលែងពីគោរមងារឧកញ៉ាដោយស្ម័គ្រចិត្ត
* គោរមវន្តមិនបំពេញកាតព្វកិច្ចបង់វិភាគទានប្រចាំឆ្នាំរយៈពេល៣ឆ្នាំជាប់គ្នា ដោយគ្មានមូលហេតុ
* គោរមវន្តត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិមណាមួយ
* ត្រូវបានរកឃើញថាគោរមវន្តបានប្រព្រឹត្តល្មើសនឹងមាត្រា២២ នៃព្រះរាជក្រឹត្យខាងលើ
* ត្រូវបានរកឃើញថាសំណុំឯកសារស្នើសុំគោរមងារឧកញ៉ារបស់គោរមវន្តមានការក្លែងបន្លំ

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម អ្នកឧកញ៉ា ឧកញ៉ា និងសាធារណជន ទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង អ្នកនាំពាក្យសមាគមឧកញ៉ាកម្ពុជា តាមរយៈលេខទូរស័ព្ទ ០១២ ៨១០ ៨១១ នៅរៀងរាល់ម៉ោងធ្វើការ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: