ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ, ដកហូតម៉ូតូ១៨គ្រឿង

BY
Naren
March 22, 2024
កម្លាំងនគរបាលឃាត់អប់រំក្រុមក្មេងទំនើង១៨នាក់ ដែលបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៊ាំងនៅខណ្ឌឬស្សីកែវ, ដកហូតម៉ូតូ១៨គ្រឿង

(ភ្នំពេញ)៖ ក្រោយទទួលបានបទបញ្ជាពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានណែនាំអប់រំក្រុមក្មេងទំនើង១៨នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង (ប្រែន) ក្រោយកម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បង្ក្រាបដកហូតម៉ូតូបានសរុបចំនួន១៨គ្រឿង។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ក្នុងចំណោមអ្នកបើកម៉ូតូទាំង១៨នាក់, អ្ន​កបង្ហោះម៉ូតូចំនួន៣គ្រឿង និងម៉ូតូកែច្នៃបំពង់ស៊ីម៊ាំង(ប្រែន) ចំនួន១៥គ្រឿង ដែលបើកបរធ្វើឱ្យប៉ះពាល់សណ្តាប់ ធ្នាប់សាធារណៈតាមដងផ្លូវ បង្កសំឡេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ អាចបង្កឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរដទៃ និងល្មើសទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក។

របាយការណ៍បានបន្តថា សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាល មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីជម្រាបប្រាប់អំពីសកម្មភាពរបស់ក្រុមក្មេងទំនើងទាំងនេះឱ្យគាត់បានជ្រាប និងជំរុញឱ្យពួកគាត់ជួយណែនាំអប់រំ បន្ថែម។

ចំណែកឯក្រុមក្មេងទំនើងទាំង១៨នាក់, សមត្ថកិច្ចបាន អប់រំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសទៅនឹងច្បាប់តទៅទៀត ព្រមទាំងឱ្យដោះដូរបំពង់ស៊ីម៊ាំងឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសវិញ ចំណែកឯបំពង់ស៊ីម៉ាំងកែច្នៃ (ប្រែន) សមត្ថកិច្ចបានដកហូតដើម្បីលុបបំបាត់ និងបំផ្លាញចោល។

ចំពោះមុខ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បាននិងកំពុងបន្តចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងបង្ហោះម៉ូតូ និងបើកបរម៉ូតូកែច្នៃបំបង់ស៊ីម៊ាំង (ប្រែន) បង្កសំឡេងរំខាន ដើម្បីលុបបំបាត់មិនឱ្យកើតមាន នៅក្នុងភូមិសាស្រ្តខណ្ឌឫស្សីកែវ៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: