ព័ត៌មានជាតិ

កម្លាំងចម្រុះឃ្លុំដីទុកជាសម្បត្តិរដ្ឋជាង ១,៤០០ហិកតា, ឃាត់ខ្លួនមនុស្ស១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ ក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

BY
Naren
March 23, 2024
កម្លាំងចម្រុះឃ្លុំដីទុកជាសម្បត្តិរដ្ឋជាង ១,៤០០ហិកតា, ឃាត់ខ្លួនមនុស្ស១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ ក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ កម្លាំងចម្រុះបានសម្រេចឃ្លុំដីទុកជាសម្បត្តិរដ្ឋបាន ១,៤៥៤.៨៤ហិកតា និងបានឃាត់ខ្លួនមនុស្សចំនួន០១ នាក់ និងកសាងសំណុំរឿង៣ករណីផ្សេងទៀតបញ្ជូនទៅតុលាការ នៅក្នុងប្រតិបត្តិការបង្រ្កាបទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅខេត្តពោធិ៍សាត់ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកនៅក្នុងថ្ងៃដដែល កម្លាំងចម្រុះបានដកហូតម៉ាស៊ីនហាន់ដំឡូងមី ១គ្រឿង, រណារយន្តតូច ៥គ្រឿង, កាំភ្លើងកែឆ្នៃ ៣ដើម, កាំបិតកកុក ៣គ្រឿង, រណាដៃ ១គ្រឿង និងឧបករណ៍ឆក់ត្រី ១គ្រឿង។

លើសពីនេះ ក្រុមសមត្ថកិច្ច បានរឹបអូសវត្ថុតាងនៅហ្នឹងកន្លែងរួមមានខ្ទមបណ្តោះអសន្នចំនួន ៣៩, ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង, ដើមដំឡូងមី ១,១១០បាច់, ដើមចេក ២៣៧គុម្ព, ដើមក្រូច ១០០០ដើម, បង្គោលរបងថ្ម ១២ដើម និងបង្គោលរបងឈើ ២២៥ដើម។

សូមបញ្ជាក់ថា កិច្ចអន្តរាគមន៍បង្រ្កាបទប់ស្កាត់បទល្មើស លួចកាប់ រុករានដី នៅក្នុងតំបន់ការពារធម្មជាតិ យកធ្វើជាកម្មសិទ្ធិ បានចូលរួមពីកម្លាំងចម្រុះចំនួន៧៨៩នាក់ រួមមាន៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងនគរបាលជាតិ កងកម្លាំងនៃគណៈបញ្ជាការកងឯកភាពខេត្ត រដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន ដើម្បីអនវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យក្រសួងបរិស្ថាន ក្រសួង ស្ថាប័ន និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងព្រៃឈើ និងត្រូវបន្តទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ នៅគ្រប់ទីកន្លែងទូទាំងប្រទេស៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: