ព័ត៌មានជាតិ

អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

BY
Naren
March 23, 2024
អារ៉ាប៊ីសាអូឌីត ផ្ដល់អំណោយមនុស្សធម៌ផ្លែល្មើចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងក្នុងនាមរដ្ឋាភិបាលកម្ពុជា អញ្ជើញទទួលអំណោយមនុស្សធម៌ផ្លែល្មើ ចំនួន៥តោន សម្រាប់ចែកជូនសាសនិកឥស្លាមកម្ពុជា ពីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត តំណាងដោយលោក Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ (PPIC) នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។

នាឱកាសនោះ លោកឯកអគ្គរាជទូត បានលើកឡើងថា តាមរយៈអំណោយនេះ បង្ហាញពីការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ដែលមានការកើនឡើងជាបន្តបន្ទាប់។

លោកក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ ដែលកន្លងមកបានជួយសម្រួលដល់ការនាំយកមកនូវជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមនៅកម្ពុជា។

ជាមួយគ្នានោះ ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកតែងតែយកចិត្តទុកដាក់ និងបានបង្កើតនូវសមិទ្ធផលជាច្រើន ដល់សហគមន៍ឥស្លាមកម្ពុជា ដូចជាការផ្ដល់ជូននូវអាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនកន្លែង ការសាងសង់វិហារ សាលារៀន និងអំណោយមនុស្សធម៌ផ្សេងៗជាច្រើនទៀត។

ជាពិសេសទៀតនោះ លោកបណ្ឌិត ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរអរគុណរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផងដែរ ដែលបានបើកទូលាយ សម្រាប់កម្ពុជា ក្នុងការធ្វើបុណ្យហាជ្ជី និងអ៊ុំរោះ ដោយក្នុងមួយឆ្នាំៗ សាសនិកឥស្លាមកម្ពុជា ជាង១០០០នាក់ មានសិទ្ធិ និងលទ្ធភាពទៅធ្វើបុណ្យហាជ្ជីនេះ។

ភាគីទាំង២ ក៏បានបន្តបេជ្តា នឹងខិតខំប្រឹងប្រែងធ្វើកិច្ចសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែជិតស្និទ ដែលជាប្រយោជន៍រួម។

នាល្ងាចដដែលដែរនោះ ក្រោយចប់កម្មវិធីប្រគល់ល្មើខាងលើ ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ក៏បានរៀបចំកម្មវិធីស្រាយបួសនៅមជ្ឍមណ្ឌលឥស្លាមភ្នំពេញ​ (PPIC) ផងដែរ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកអគ្គរាជទូតបណ្តាប្រទេសឥស្លាមប្រចាំកម្ពុជាសមាជិករដ្ឋសភា ព្រឹទ្ធសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បញ្ញាវន្តឥស្លាម ព្រមទាំងសិក្សានុសិស្សប្រមាណ២០០នាក់។

ពិធីស្រាយបួសនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរនៃខែរ៉ាម៉ាឌន ដែលជាខែពិសិទ្ធក្នុងសាសនាឥស្លាម ព្រមទាំងពង្រឹងសាមគ្គីភាព មិត្តភាព ភារតភាព រវាងថ្នាក់ដឹកនាំឥស្លាម ជាមួយសាសនិកឥស្លាមនៅទូទាំងប្រទេស។

សូមជម្រាបថា បច្ចុប្បន្នអារ៉ាប៊ីសាអូឌីតកំពុងសិក្សាបើកស្ថានទូតខ្លួនប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ដូចជា វិស័យការទូត វិស័យអប់រំ វិស័យកីឡា និងវិស័យពាណិជ្ជកម្ម ឲ្យមានការកើនឡើងបន្ថែមទៀត៕ ផ្តល់សិទ្ធិដោយ៖ Fresh News

Share This Post: