ព័ត៌មានជាតិ

ខេត្ដជាប់មាត់សមុទ្ររបស់កម្ពុជា ថៃ វៀតណាម ជួបគ្នា ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍

BY
Khmerpress
March 28, 2024
ខេត្ដជាប់មាត់សមុទ្ររបស់កម្ពុជា ថៃ វៀតណាម ជួបគ្នា ដើម្បីជំរុញការវិនិយោគ និងវិស័យទេសចរណ៍

(ព្រះសីហនុ)៖ កិច្ចប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ច កម្ពុជា ថៃ វៀតណាម (CVTEC) ពិតជាមានសារសំខាន់ ពោលគឺកិច្ចប្រជុំក្របខណ្ឌ ស៊ីវីតិច នេះកន្លងមកមិនធ្លាប់មានកម្រិតប្រជុំទ្រង់ទ្រាយធំដែលមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង និងមន្ទីរពាក់ព័ន្ធចូលរួមដូចនាព្រឹកនេះទេ ដូចនេះលទ្ធផលនៃការប្រជុំធ្វើឲ្យមានការល្អប្រសើរ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ថ្នាក់ខេត្ត មន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ច។

នេះជាការលើកឡើងរបស់លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាឱកាសបិទកម្មពិធីប្រជុំស្តីពីការជំរុញវិនិយោគ និងទេសចរណ៍ តាមបណ្តាខេត្តជាប់មាត់សមុទ្រ នៃរបៀងសេដ្ឋកិច្ចកម្ពុជា ថៃ វៀតណាម (CVTEC) នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានលោក អ៊ុន វ៉ាល់ឡឺរ៉ូ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ អភិបាលខេត្ត ត្រាត ប្រទេសថៃ អគ្គកុងស៊ុយវៀតណា ដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើក និងលោក ម៉ាង ស៊ីណេត អភិបាលរង អញ្ជើញក្នុងកម្មពិធីបិទនៅព្រឹកថ្ងៃដដែល។

លោក តាំង សុចិត្រគ្រឹស្នា ឆ្លងតាមរយៈកិច្ចប្រជុំនាព្រឹកនេះ យើងបានឯកភាពគ្នាទៅលើការងារសំខាន់ៗមួយចំនួនរួមហើយដែរ ថានឹងមានការរៀបចំ ស៊ីវីតិច (CVTEC) នេះជាផ្លូវការជាក់ស្តែង បានចាប់ចេញពីខេត្តព្រះសីហនុ រៀបចំកាលពីខែមីនា ឆ្នាំ២០២៣កន្លងទៅ ភាគីថៃនឹងទទួលយកនៅខែមិថុនាពេលខាងមុខ រីឯប្រទេសវៀតណាមនឹងទទួលយកធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំក្រោយ សម្រាប់ពេលវាលាជាក់លាក់នឹងជំរាបតាមពេលក្រោយ។

លោកបានបន្ថែមថា ៣ឆ្នាំកន្លងទៅយើង នៅមិនទាន់បានជ្រើសរើសយន្តការ ការងារសម្របសម្រួលផែនការទីផ្សារក្របខណ្ឌ (CVTEC) ប៉ុន្តែនៅថ្ងៃនេះជ្រើសបានតំណាងប្រទេសទាំងបី (Focus point) បន្ទាប់ពីបានធ្វើបែបនេះក្រុមការងារទាំងអស់នឹងឈានដល់ការបំពេញការងារសំខាន់ៗមួយចំនួន ជាពិសេសគឺពាក់ព័ន្ធនឹងផែនការទីផ្សារ (CVTEC) នេះតែម្តង។ លោកបន្តទៀតថា តទៅមុខក្រុមការងារនឹងរៀបចំ និមិត្តសញ្ញា (Logo) សកម្មភាពជាក់លាក់ ផ្ទាល់មួយដើម្បីអោយគម្រោងផែនការនេះមានការទទួលស្គាល់កាន់តែទូលំទូលាយ។

លោកគូសបញ្ជាក់ថា ភាពចំបាច់មួយទៀត គឺការអនុគ្រោះ ក្នុងការធ្វើដំណើរ ទាំងផ្លូវទឹក ផ្លូវគោក កញ្ចប់សេវាកម្មពាក់ព័ន្ធលិខិតបទដ្ឋានផ្សេងៗនៅតាមច្រកព្រំដែនទាំងអស់ ឲ្យមានលក្ខណៈការយោគយល់អធ្យាស្រ័យខ្ពស់ ម្យ៉ាងទៀតលោកសូមស្នើដល់អាជ្ញាធរថ្នាក់ជាតិ និងក្រោមជាតិពង្រឹងទៅលើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: