ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីពិចារណាពង្រីកផ្លូវដែក តម្លៃជាង ១០ពាន់លានដុល្លារ ទៅព្រំដែនប្រទេសថៃ

BY
Khmerpress
March 28, 2024
ម៉ាឡេស៊ីពិចារណាពង្រីកផ្លូវដែក តម្លៃជាង ១០ពាន់លានដុល្លារ ទៅព្រំដែនប្រទេសថៃ

(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ី កំពុងពិចារណាពង្រីកគម្រោងផ្លូវដែក ដែលកំពុងសាងសង់តម្លៃ ៥០ពាន់លានរីងហ្គីត (១០,៦ពាន់លានដុល្លារ) របស់ខ្លួនទៅកាន់ព្រំដែនជាមួយប្រទេសថៃ ខណៈដែលប្រទេសនេះ ព្យាយាមកាត់បន្ថយការប្រកួតប្រជែងសេដ្ឋកិច្ច ជាមួយប្រទេសជិតខាងមួយនេះ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សម្ដី របស់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី លោក Anthony Loke ថា រដ្ឋាភិបាលម៉ាឡេស៊ី «បើកចំហ» ក្នុងការតភ្ជាប់ផ្លូវដែកឆ្នេរខាងកើត (East Coast) របស់ម៉ាឡេស៊ីទៅកាន់ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ដែលមានស្រាប់ ឬដែលគ្រោងទុករបស់ប្រទេសថៃ។ ថៃគ្រោងនឹងសាងសង់កំពង់ផែចំនួនពីរ ដើម្បីបញ្ចៀសកប៉ាល់មិនឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកម៉ាឡាកា ដែលរកចំណូលបានច្រើនបំផុតរបស់ម៉ាឡេស៊ី។

លោក Loke បានប្រាប់សភាម៉ាឡេស៊ីកាលពីថ្ងៃពុធថា៖ «ទំនាក់ទំនងរវាងម៉ាឡេស៊ីនិងថៃ មិនមែនជាហ្គេមប្រទេសមួយឈ្នះ ហើយប្រទេសមួយទៀតចាញ់ទេ»។ លោកបានបន្ថែមថា ប្រទេសទាំងពីរប្រឈមនឹងបញ្ហា «សេដ្ឋកិច្ចនយោបាយ» ដែលអាចដោះស្រាយរួមគ្នា ហើយផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ គឺការតភ្ជាប់ឆ្លងព្រំដែន។

គម្រោងផ្លូវដែក ECRL ដែលនឹងតភ្ជាប់ឆ្នេរសមុទ្រភាគខាងលិច និងខាងកើតរបស់ប្រទេសម៉ាឡេស៊ី ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៧។ ស្ថានីយចុងក្រោយរបស់ផ្លូវដែកនេះស្ថិតក្រោមផែនការបច្ចុប្បន្នគឺនៅ Kota Bharu ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: