ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារ

BY
Khmerpress
April 1, 2024
នាយករដ្ឋមន្ត្រីថៃថា ការប្រែក្លាយកាស៊ីណូទៅជាអាជីវកម្មស្របច្បាប់ ដើម្បីជួយបង្កើនប្រាក់ចំណូល និងបង្កើតការងារ

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានឱ្យដឹងនៅចុងសប្តាហ៍មុនថា រដ្ឋាភិបាលថៃកំពុងពិចារណា លើសេចក្តីព្រាងច្បាប់កាស៊ីណូ ហើយប្រសិនបើច្បាប់នេះ ទទួលបានការអនុម័តពីសភា វិស័យនេះនឹងបង្កើតការងារ និងចំណូលរដ្ឋកាន់តែច្រើន ថែមទាំងជួយឱ្យមានការបង្កើតគម្រោងកម្សាន្តដ៏ធំផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាស៊ីណូ គឺជាអាជីវកម្មខុសច្បាប់ នៅក្នុងប្រទេសថៃ ហើយការលេងល្បែងស៊ីសងតែមួយគត់ ដែលត្រូវបានអនុញ្ញាត គឺជាល្បែងប្រណាំងសេះ និងឆ្នោតដែលគ្រប់គ្រងដោយរដ្ឋ ទោះបីជាការលេងល្បែងខុសច្បាប់ ជារឿងធម្មតាជាមួយនឹងកាស៊ីណូលាក់បាំង និងការភ្នាល់បាល់ទាត់ក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចធំទីពីរ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងពិចារណាអនុញ្ញាតឱ្យកាស៊ីណូ ក្លាយជាមធ្យោបាយមួយ ក្នុងការទាក់ទាញការវិនិយោគ និងទេសចរណ៍ នេះបើយោងតាមការសិក្សា នៅក្នុងសភាដែលត្រូវបានអនុម័ត កាលពីល្ងាចថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

មនុស្សជាច្រើន នៅក្នុងឧស្សាហកម្មនេះជឿថា ការមានទីផ្សារកាស៊ីណូស្របច្បាប់ ក្នុងប្រទេសថៃនឹងទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការទាក់ទាញអ្នកទស្សនាពីក្រៅប្រទេស ដោយប្រកួតប្រជែងជាមួយទីក្រុងម៉ាកាវ ដែលជាមជ្ឈមណ្ឌលល្បែងស៊ីសងដ៏ធំបំផុត របស់ពិភពលោក និងជាទីកន្លែងតែមួយគត់ នៅក្នុងប្រទេសចិនដែលប្រជាពលរដ្ឋ អាចលេងល្បែងស៊ីសង ដោយស្របច្បាប់នៅក្នុងកាស៊ីណូ។

លោក សេដ្ឋា បានមានប្រសាសន៍ថា៖ «យើងអាចគ្រប់គ្រងសេដ្ឋកិច្ចងងឹត និងប្រមូលពន្ធបាន… យើងមិនចង់លើកកម្ពស់ការលេងល្បែងស៊ីសងទេ ប៉ុន្តែគួរតែគ្រប់គ្រងវា និងប្រើប្រាស់ការវិនិយោគ ដើម្បីបង្កើតការងារ»។

ការធ្វើឱ្យល្បែងស៊ីសង មានភាពស្របច្បាប់ត្រូវបានពិភាក្សានាពេលកន្លងមក ប៉ុន្តែគ្មានរដ្ឋាភិបាលថៃណាមួយដំណើរការកិច្ចការនេះ ទៅមុខទេ ដោយសារតែការប្រឆាំងពីសាធារណជន។

កាស៊ីណូលាក់បាំង មាននៅក្នុងប្រទេសថៃ ប៉ុន្តែប្រជាជនមួយចំនួនធំធ្វើដំណើរទៅកាន់ប្រទេសជិតខាង ដូចជាប្រទេសកម្ពុជា និងប្រទេសផ្សេងទៀត ដើម្បីលេងល្បែងនៅកាស៊ីណូធំៗ ដែលករណីនេះអ្នកគាំទ្រឧស្សាហកម្ម ល្បែងបាននិយាយថា ប្រាក់ចំណូលដែលហូរចេញនេះ អាចរក្សាទុកក្នុងប្រទេសបាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: