ព័ត៌មានអន្តរជាតិ

ឥណ្ឌា ទំនងជាប្រឈមនឹងរលកកម្តៅខ្លាំងនៅត្រីមាសទី ២ឆ្នាំនេះ ហើយអាចប៉ះពាល់ដល់ផលិតផលកសិកម្ម ខណៈត្រូវរៀបចំការបោះឆ្នោតជាតិ

BY
Khmerpress
April 2, 2024
ឥណ្ឌា ទំនងជាប្រឈមនឹងរលកកម្តៅខ្លាំងនៅត្រីមាសទី ២ឆ្នាំនេះ ហើយអាចប៉ះពាល់ដល់ផលិតផលកសិកម្ម ខណៈត្រូវរៀបចំការបោះឆ្នោតជាតិ

(ញូវដេលី)៖ មន្រ្តីឧតុនិយមបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ឥណ្ឌាទំនងជាជួបប្រទះនូវអាកាសធាតុក្តៅខ្លាំងជាងធម្មតា នៅចន្លោះខែមេសា ដល់មិថុនាឆ្នាំនេះ ហើយមានហានិភ័យប៉ះពាល់កាន់តែខ្លាំងចំពោះផលិតផលកសិកម្ម ក៏ដូចជារារាំងដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយអតិផរណាស្បៀងអាហារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ ២០២៤។

ខណៈឥណ្ឌា គឺជាប្រទេសផលិតស្រូវសាលីធំជាងគេទីពីររបស់ពិភពលោក រលកកំដៅសម្រាប់ឆ្នាំទី ៣ជាប់ៗគ្នា អាចបំផ្លាញផលិតកម្មស្រូវសាលី គ្រាប់រ៉េប (rapeseed) និងសណ្តែកសៀង ហើយបង្កើនតម្រូវការថាមពលលើសពីការផ្គត់ផ្គង់នៅក្នុងរដូវរដូវក្តៅ។ ប្រធាននាយករដ្ឋានឧតុនិយមឥណ្ឌា លោក Mrutyunjay Mohapatra បានឱ្យដឹងថា ជាទូទៅអំឡុងខែមេសា រហូតដល់ខែមិថុនា ផ្នែកផ្សេងៗនៃប្រទេសអាចកត់ត្រាពីរលកកម្តៅ ក្នុងចន្លោះ ១០ទៅ ២០ថ្ងៃ។ អាកាសធាតុក្តៅខ្លាំង ក៏អាចនឹងជះឥទ្ធិពលដល់ការបោះឆ្នោតសភារបស់ឥណ្ឌា ដែលគ្រោងរៀបចំរយៈពេលជិត ៧សប្តាហ៍ចាប់ពីថ្ងៃទី១៩ ខែមេសាតទៅ។ អ្នកគ្រប់អាយុបោះឆ្នោត នឹត្រូវប្រឈមចំពោះរលកកម្តៅ ហើយនឹងត្រូវប្រុងប្រយ័ត្នទៅតាមការណែនាំផ្សេងៗ។ ចំពោះផលិតផលកសិកម្មវិញ ភាគច្រើននៃស្រូវសាលីដែលប្រមូលផលអំឡុងពេលនេះ គឺក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលប្រទេស ខណៈដែលភាគខាងជើង ដំណាំនានាកំពុងចេញផ្លែផ្កា ហើយត្រូវប្រមូលផលនៅពេលក្រោយ។

គួរបញ្ជាក់ថា រលកកម្តៅបានកាត់បន្ថយផលិតកម្មស្រូវសាលីរបស់ឥណ្ឌា កាលពីឆ្នាំ ២០២២ ដោយបង្ខំឱ្យប្រទេសនេះ ផ្អាកការនាំចេញ៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: