ព័ត៌មានជាតិ

មេតុងទីនអនឡាញ២នាក់ប្តីប្រពន្ធ ដែលបោកលុយពលរដ្ឋជាច្រេីនរយនាក់ អស់រាប់សិបលានដុល្លារ នៅខេត្ដកំពង់ចាម និងបណ្ដារាជធានី-ខេត្ដមួយចំនួន ត្រូវកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ

BY
Khmerpress
April 4, 2024
មេតុងទីនអនឡាញ២នាក់ប្តីប្រពន្ធ ដែលបោកលុយពលរដ្ឋជាច្រេីនរយនាក់ អស់រាប់សិបលានដុល្លារ នៅខេត្ដកំពង់ចាម និងបណ្ដារាជធានី-ខេត្ដមួយចំនួន ត្រូវកម្លាំងអាវុធហត្ថតាមចាប់ខ្លួនបានហើយ

(ភ្នំពេញ-កំពង់ចាម)៖ កម្លាំងអាវុធហត្ថ បានតាមចាប់ខ្លួន២នាក់ ប្ដី-ប្រពន្ធ មេតុងទីនអនឡាញ ដែលបោកលុយប្រជាពលរដ្ឋរាប់លានដុល្លារនៅខេត្តកំពង់ចាម និងតាមបណ្តារាជធានីខេត្តបានហើយ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

តាមរបាយការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា យោងបទបញ្ជារបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមានការចង្អុលបង្ហាញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឲ្យកម្លាំងជំនាញ ចុះធ្វើការស្រាវជ្រាវករណីលេងតុងទីនតាមអនឡាញ ដែលមេតុងទីនជំពាក់កូនតុងទីនជាច្រើននាក់រាប់រយ ម៉ឺនក្បាល សរុបទឹកប្រាក់ជាច្រើនលានដុល្លារ ហើយរត់គេចខ្លួនបាត់។

លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៤០នាទី នៅចំណុចខុនដូរអិលបឹងទំពុន ស្ថិតនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះពន្លាតដែនសមត្ថកិច្ច សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើសកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១៖ ឈ្មោះ សាន សុវណ្ណាលីស ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។
២៖ ឈ្មោះ ណេង ស៊ុនហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។

តាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការសាលាដំបូងខេត្តកំពង់ចាម ដែលមាន លេខ ០២ និងលេខ ០៣ អ.យ.ជ/២០២៤ចុះ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត និង ឆបោក (តុងទិនតាមអនឡាញ)។

បច្ចុប្បន្ន កម្លាំងជំនាញបានបញ្ជូនជនសង្ស័យចំនួន០២នាក់ខាងលើមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីបន្តនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: