ព័ត៌មានជាតិ

បុគ្គលឈ្មោះ ដែន សូនី ដែលប្រើហិ-ង្សាលើស្ដ្រីម្នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅតុលាការ

BY
Khmerpress
April 5, 2024
បុគ្គលឈ្មោះ ដែន សូនី ដែលប្រើហិ-ង្សាលើស្ដ្រីម្នាក់ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅតុលាការ

(ភ្នំពេញ)៖ បុគ្គលឈ្មោះ គង់ សុខសែង ហៅ ដែន សូនី (DEN SONY) ដែលប្រើអំពើហិង្សាលើស្ដ្រីម្នាក់នៅបន្ទប់ជួលមួយកន្លែង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួនមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធីនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤។

ការចាប់ខ្លួននេះធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សុខសែង ហៅ DEN SONY អាយុ៣៥ឆ្នាំ បានចូលក្នុងបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះ យកដៃបោចសក់ទាញចេញមកខាងក្រៅរួចយកដៃវាយមុខជនរងគ្រោះចំមួយដៃ ប្រព្រឹត្តនៅចំណុចបន្ទប់ជួលលេខ១០០៩ ផ្លូវលំ ភូមិស្វាយតាអុក១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។

ដោយឡែកជនរងគ្រោះឈ្មោះ សំ លក្ខណា អាយុ២៥ឆ្នាំ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ផ្តល់សិទ្ធិដោយ៖ freshnews

Share This Post: