ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រធានមន្ទីររាជធានី ខេត្ត ឡើងស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន

BY
Khmerpress
April 5, 2024
សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឱ្យប្រធានមន្ទីររាជធានី ខេត្ត ឡើងស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសលើកទឹកចិត្តប្រធានមន្ទីរ រាជធានី ខេត្ត និងស្ថាប័នកងកម្លាំងប្រដាប់អាវុធ ប្រគល់ឋានន្តរស័ក្ដិ៤ ស្មើកម្រិតនាយកដ្ឋាន ដើម្បីឱ្យសមស្របទៅនឹងការទទួលខុសត្រូវកាន់តែច្រើនលើភារកិច្ចបម្រើសង្គម។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ ” នារសៀលថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ មេសា ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា យើងធ្វើវិមជ្ឈការ និងវិសហមជ្ឈការ និងប្រគល់សិទ្ធិ និងការទទួលខុសត្រូវទៅដល់ថ្នាក់ក្រោមជាតិ។

ដូច្នេះ ការទទួលភារកិច្ចគឺសំខាន់ណាស់ ហើយកិច្ចការងារនេះគឺចាំបាច់ត្រូវធ្វើ រុញសេវាដោយប្រសិទ្ធភាព និងសិទ្ធិអំណាចមួយចំនួន និងប្រតិភូកម្មមួយចំនួន ដើម្បីឱ្យអង្គភាពមន្ទីរនៅតាមរាជធានី ខេត្ត បំពេញភារកិច្ចជូនប្រជាពលរដ្ឋកាន់តែឆាប់រហ័ស។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា «សម្រាប់ ខ្ញុំគិតថា ដើម្បីជាការលើកទឹកចិត្តនិងផ្ដល់ទម្ងន់បន្ថែម ខ្ញុំបានជជែកជាមួយអ្នកជំនាញមុខងារសាធារៈគឺអត់មានបញ្ហាទេ អញ្ចេះ ឥឡូវប្រធានមន្ទីរ កម្រិតអនុប្រធាននាយកដ្ឋានស័ក្តិ៣ ឥឡូវយើងចង់ជំរុញ យើងរៀបចំ ឱ្យប្រធានមន្ទីរឡើងស័ក្ដិ៤ ឡើងកម្រិតនាយកដ្ឋានតែម្ដង »។

សម្ដេចធិបតី បានបញ្ជាក់បន្ថែមថា កិច្ចការងារនេះអត់មានអ្វីខុស និងខ្ទាស់នឹងការងារទេ។ការណ៍នេះគឺជាការលើកទឹកចិត្តបន្ថែមទៅលើមន្ត្រីដែលត្រូវទទួលកិច្ចការងារកាន់តែច្រើន ខណៈប្រធានមន្ទីរគឺជាសេនាធិការជំនាញ ទោះបីស្ថាប័នថ្នាក់ក្រោមជាតិទាំងនោះមានការិយាល័យជំនាញ តែប្រធានមន្ទីរនេះហើយ ដែលជាសេនាធិការជូនអភិបាល គណៈអភិបាលរាជធានីខេត្ត ជួយមើលស្ដង់ដារនៅក្រោម និងជួយភ្ជាប់នៅខាងលើ។

សម្ដេចធិបតី បានអះអាងថា បើឱ្យការងារទៅប្រធានមន្ទីរដែលកាន់កិច្ចការថ្នាក់ក្រោមជាតិច្រើន ហើយប្រមុខរាជរដ្ឋាភិបាលប្រកាសដំឡើងស័ក្ដិឱ្យពួកគាត់ គឺជាការវិនិយោគមួយដ៏ត្រឹមត្រូវហើយជារឿងដែលមិនត្រូវភ័យខ្លាចក្នុងការចំណាយ និងមានក្ដីព្រួយបារម្ភឡើយ។ ទន្ទឹមនេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានប្រកាសឱ្យស្ថាប័នកងកម្លាំងប្រដាប់អាវុធអនុវត្តដូចគ្នាទៅស្ថាប័នមន្ត្រីរាជការស៊ីវិលផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: